អាជីវករផ្សារបុរីទេសចរណ៍​ប្រិមប្រិយ ផ្ទុះការតវ៉ា ក្រោយ​ម្ចាស់ផ្សារ​បញ្ឈប់​កុងត្រាជួលមុនកាលកំណត់

អាជីវករ​លក់ដូរ​នៅ​ផ្សារ​បុរីទេសចរណ៍​ប្រិមប្រិយ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ប្រមាណ៣០នាក់ បានសម្តែង​ប្រតិកម្ម និង​តវ៉ា ក្រោយ​ពីម្ចាស់​បាន​បញ្ឈប់​កិច្ច​សន្យាជួល​តូប​ឱ្យពួកគេ​មុនកាលកំណត់។

បើយោង​តាម​លិខិត​របស់ម្ចាស់ផ្សារ​បុរីទេសចរណ៍​ប្រិមប្រិយ ប្រាប់មកក្រុមអាជីវករបានបញ្ជាក់ថា យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង នៃ​ផ្សារ​ដែលមាន​សភាព​ទ្រុឌទ្រោមកាន់តែ​ខ្លាំង ដែលជាមូលហេតុ​អាច​បង្ក​ឲ្យ​មានគ្រោះថ្នាក់ ឬផល​ប៉ះពាល់​ជាយថាហេតុ ដល់សុវត្ថិភាព​អាជីវករ និងសាធារណៈជនទូទៅ​ដែលចូលមក​ក្នុង​ផ្សារ ម្យ៉ាង​ដោយផ្សារ​កំពុង​ជួប​វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្នុង​កំឡុង​ពេល​នៃការ​រាតត្បាតជំងឺកូវីដ១៩ ទើប​គណៈគ្រប់គ្រងផ្សារ សម្រេច​បិទដំណើរការ​ផ្សារ​បុរីទេសចរណ៍​ប្រិមប្រិយ គិត​ចាប់ពីថ្ងៃបានប្រគល់លិខិត រហូត​ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ចំពោះ​ការ​សម្រេច​បិទ​ផ្សារនេះ ក្រុមអាជីវករ​បាន​លើកឡើងថា វាលឿនពេក​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ទទួល​យកបាន។ ក្រុមអាជីវករ​ខ្លះលើកឡើងថា ពួកគាត់​បាន​ប្រកបរបររស់​នៅទីនេះ​អស់រយៈពេលជាយូរឆ្នាំមកហើយ ហើយថា ការ​បិទ​ផ្សារនេះ​ក្នុងរយៈពេល​លឿនពេក ធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន និង​មិន​អាច​ស្វែង​រក​កន្លែង​ប្រកបអាជីវកម្មបាន ខណៈវិបត្តិកូវីដ១៩ បានធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ​លំបាកខ្វះខាតជាខ្លាំង។

អាជីវករ​មួយ​ចំនួនទៀត​បាន​លើក​ឡើងថា ពួកគាត់​បានយកប្រាក់​បណ្តាក់ទុក​មក​លើ​តូបលក់ដូរនោះអស់ទៅ​ហើយ ហើយ​ពេលនេះ​ស្រាប់តែ​ផ្សារ​ជូនដំណឹងពីការបិទ ធ្វើ​ឲ្យ​ពួកគាត់ខាតបងប្រាក់កាស់​ក្នុងការវិនិយោគតូបរបស់ពួកគាត់។

យ៉ាងណាក៏ដោយ ក្រុមអាជីវករ​ស្នើ​ដល់​ម្ចាស់ផ្សារ សូម​មេត្តា​ពន្យារពេលនេះ​ការ​បិទផ្សារ​នេះ​ឲ្យ​មានរយៈពេល​យូរបន្តិច ដើម្បី​ពួកគាត់ត្រៀមខ្លួនរកកន្លែង​ថ្មី និង​អាចបន្ត​របរចិញ្ចឹមជីវិត​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close