សម្តេច​តេ​ជោ អបអរសាទរ​ខួប ៦៦​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ ជា​ខួប​៦៦​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤​ធ្នូ ២០២១) ។

​អង្គការសហប្រជាជាតិ អ​.​ស​.​ប (United Nations-UN)​គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាមលោកលើកទី​២​ត្រូវបាន​បញ្ចប់ (១៩៣៩-១៩៤៥)​។

​គោលបំណង UN គឺ​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើកស្ទួយ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិនអោយ​មាន​សង្គ្រាមលោក​។

​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព ដែល​ក្នុង​រយៈពេល ជាង​១០​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​ជាច្រើន​នាក់​ផងដែរ ក្នុងនោះ​កងទ័ព​ជា​ស្ត្រី​ទាំង​ទ័ព​បុរស ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល ស៉ី​រី សាយ​ប្រឹស ម៉ាលី​។​ល​។

​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត​២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ហើយ​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​បានជា​ប់​ជា​ប្រទេស​នាំមុខគេ​ដែល​ផ្តល់ឱកាស​ឲ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​ ​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close