ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង «ឆ្លងជំងឺកូវីដ-១៩»
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីវីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19 ក្រោយការធ្វើតេស្តនៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ (ពេលវេលានៅអាហ្វ្រិកខាងត្បូង) ហើយពេលនេះលោកកំពុងទទួលការព្យាបាល ជាមួយនឹងរោគសញ្ញាស្រាលប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។
លោកប្រធានាធិបតី Cyril Ramaphosa ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចទៅហើយនោះ បានកើតមានអការៈមិនស្រួលខ្លួន បន្ទាប់ពីលោកបានចូលរួមក្នុង ពិធីរំលឹកវិញ្ញាណក្ខន្ធមួយ ជាមួយលោក ក្លឺក (FW de Klerk) ដែលត្រូវជាអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ (ម៉ោងនៅទីក្រុងចូហាន់ណែសប៊ឺក)។
បើតាមមន្ត្រីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង, លោកប្រធានាធិបតី Cyril Ramaphosa បានធ្វើតេស្តវិជ្ជមាន COVID-19 ក្រោយពីលោកបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី០៨ ខែធ្នូ បន្ទាប់ពីលោក និងគណៈប្រតិភូបានបំពេញទស្សកិច្ច ទៅកាន់ប្រទេសអាហ្វ្រិកភាគខាងលិចចំនួន ៤ និងសុទ្ធតែបានធ្វើតេស្ត «អវិជ្ជមាន» COVID-19 មុនពេលទៅដល់ និងក្រោយចាកចេញពីប្រទេសទាំងនោះ។
គួរបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោក Cyril Ramaphosa គឺស្ថិតក្នុងភាពនឹងនរ ខណៈលោកត្រូវស្នាក់នៅព្យាបាលដាច់ដោយឡែក នៅក្នុងទីក្រុង ខេប ថោន (Cape Town)។ យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថា តើលោកប្រធានាធិបតីរូបនេះបានឆ្លងវីរុស អូមីក្រុង (Omicron) ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសរបស់លោក ដែរឬមួយក៏យ៉ាងណានោះឡើយ។ សម្រាប់កិច្ចការងារថ្នាក់រដ្ឋមួយចំនួន ត្រូវបានផ្ទេរទៅលោកអនុប្រធានាធិបតី Klerk ដែលបានធ្វើតេស្ត «អវិជ្ជមាន» COVID-19 ឲ្យកាន់កាប់ជាបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។