ជាលើកដំបូងទាហានអាកាសអាមេរិករំសាយ ទាហានរូបណាដែលមិនព្រមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩
កម្លាំងទាហានអាកាសអាមេរិក បានសម្រេច រំសាយ ទាហាន២៧រូប ដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ នេះជាសមាជិកកម្លាំងទាហានអាកាសដំបូងដែលត្រូវបានរំសាយ ដោយសារតែមិនគោរពបទបញ្ជារពាក់ព័ន្ធការចាក់វ៉ាក់សាំង។
សារព័ត៌មាន AP បានផ្សាយថា កម្លាំងទាហានអាកាសបានកំណត់ពេលវេលាចុងក្រោយនៅថ្ងៃទី ២ខែវិច្ឆិកា ជាកំហិត ប៉ុន្តែមានកម្លាំងទាហានអាកាសជាច្រើនរូបបានបដិសេធចាក់វ៉ាក់សាំង ។
អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិក លោកស្រី Ann Stefanek នៅថ្ងៃទី ១៣ខែធ្នូបានប្រកាសថា នេះជាលើកដំបូងដែលទាហានអាកាសត្រូវបានរំសាយចេញពីជួកងទ័ពពាក់ព័ន្ធ ការមិនចាក់វ៉ាក់សាំង ។ លោកស្រី Ann Stefanek បន្តទៀតថា ទាហានដែលបានរំសាយនោះទើបតែចូលបម្រើការថ្មី ជាទាហានវ័យក្មេង មិនទាន់មានបុណ្យស័កឡើយ។
នៅដើមឆ្នាំ២០២១នេះ មន្ទីរបញ្ចកោណអាមេរិក បានស្នើដល់ទាហានទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ រួមទាំងទាហានបម្រុងផងដែរ ។ មន្ត្រីអាមេរិកបានលើកឡើងថា មកទល់ពេលនេះមានតែទាហានអាកាសប៉ុណ្ណោះដែលបានរំសាយពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។
បច្ចុប្បន្ន មានទាហានអាមេរិក រហូតដល់ទៅ៩៦,៤% បានចាក់វ៉ាក់សាំងរួចរាល់ ។ ប៉ុន្តែចំនួននោះបានថយចុះនៅត្រឹម៧៤%ប៉ុណ្ណោះ បើគិតទាំង កម្លាំងទាហានបម្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។