ក្រសួងបរិស្ថាន កំពុងអនុវត្តផែនការរៀបចំទីលានចាក់សំរាម ការកសាងអាងប្រព្រឹត្តកម្មទឹក និងការបំពាក់ឧបករណ៍ចម្រោះទឹកស្អាត
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Alissar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលក្រសួងបរិស្ថាន បានធ្វើជាមួយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពី កិច្ចការដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើទាំងក្របខណ្ឌគោលនយោបាយ ផែនការសកម្មភាព និងការ អនុវត្តជាក់ស្តែងសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តផែនការជាយុទ្ធសាស្ត្រពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន តាមរយៈការរៀបចំទីលានចាក់សំរាម ការកសាងអាងប្រព្រឹត្តកម្មទឹក ការបំពាក់ឧបករណ៍ចម្រោះទឹកស្អាត នៅតាមសាលារៀន វត្តអារាម រដ្ឋបាលសាធារណៈ ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគិតគូរពីគុណភាព និងសុវត្ថិភាពចំណីអាហារជាដើមជាការរួមចំណែកគិតគូរសុខុមាលភាពមនុស្ស និងការកសាងធនធានមនុស្ស ស្របទៅនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជានាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំក្រមបរិស្ថាន ដែលមានសារៈសំខាន់ សម្រាប់ការការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ពីការ អភិរក្សធនធានធម្មជាតិដែលកាន់តែមានភាពល្អប្រសើរឡើង និងបានលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងនិងពលរដ្ឋបានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ធម្មជាតិ។
លោកស្រី Alissar Chaker បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបតិ្តការដ៏មានផ្លែផ្ការវាងកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលើវិស័យបរិស្ថានកន្លងមក ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានជាវិជ្ជមាន។
លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានក្នុងកិច្ចការជាច្រើនក្នុងនោះមានយុទ្ធនាកាត់បន្ថយសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពផ្នែកកាបូនជាដើម។ លោកស្រីបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូរបសស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាដៃគូប្រកបដោយការទុកចិត្ត និង គោរពគ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។