សមយុទ្ធ​រួមគ្នារវាងអាស៊ាន​​​ និងចិនគ្រោងធ្វេីនៅសប្ដាហ៍ក្រោយក្នុងសមុទ្រចិនខាងត្បូង

អាស៊ាន/ចិន ៖ រដ្ឋមន្រ្តី​ការពារ​ជាតិ​សិង្ហបុរី លោក​ Ng Eng Hen បាន​អះអាងថា សមយុទ្ធ​កងទ័ព​ជើងទឹក អាស៊ានហើយ​និង​ចិន​​​លេីក​​​ទី១ នៅ​សប្តាហ៍​ក្រោយ​​​​ត្រូវ​រៀបចំ​ធ្វើ នៅ​សមុទ្រចិន​ខាងត្បូង មាន​គោលដៅ កសាង​ជំនឿ ទុកចិត្ត រវាង​ភាគី​ទាំងពីរ។ នេះជាការអះអាងរបស់លោករដ្ឋមន្ត្រីការពារជាតិសិង្ហបុរីតាំង​ពី​ថ្ងៃ​សុក្រ ក្នុងកិច្ចប្រជុំ អាស៊ាន ជាទី​ដែល​មាន​ការចូលរួម​ផងដែរ ពី​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក ​James Mattis ផងដែរ។

អ្នកតាមដាន​នយោបាយ​អាស៊ីអាគ្នេយ៍​វាយតម្លៃថា ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាលើកទី១ ជាមួយអាស៊ាន ចិន​ប៉ង​ចង់​កាត់បន្ថយ​ឥទ្ធិពល របស់​អាមេរិក នៅក្នុង​តំបន់ ព្រោះថា ប្រទេស​សមាជិក​មួយចំនួន​របស់​អាស៊ាន ជាសម្ព័ន្ធមិត្ត ដៃគូ​របស់​អាមេរិក។ ដើម្បី​ជៀសវាង​ការថ្នាំងថ្នាក់ចិត្ត ពីភាគី​អាមេរិក រដ្ឋមន្រ្តីការបរទេស​សិង្ហបុរី បាន​ប្រកាស​ដែរថា អាស៊ាន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​មួយទៀត ជាមួយ អាមេរិក នៅ​ឆ្នាំក្រោយ។

រដ្ឋមន្រ្តី​ការពារ​ជាតិអាមេរិក ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហបុរី​ដែរនោះ​បាននិយាយ​ប្រាប់​អ្នកកាសែតថា លោកមិន​ជឿថា សមយុទ្ធ​ អាស៊ាន ចិន នឹង​ធ្វើ​ឲ្យ​យុទ្ធសាស្រ្ត​របស់​អាមេរិក​រួមចុះថយ នៅ​ក្នុង​តំបន់​​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ហេីយក៏គ្មាន​ប្រទេស​ណាមួយ អាច​សរសេរ​ឡើងវិញ​ច្បាប់អន្តរជាតិ​ផ្លូវទឹក​នោះទេ។ អាមេរិក​សង្ឃឹមថា ប្រទេស​តូចឬ ធំ គោរព​ច្បាប់​ដែល​មានចែង​កន្លងមក។

សូមជម្រាបថា ចិន​ចង់ទាមទារ​ជា​ម្ចាស់គ្រប់គ្រង​ផ្តាច់មុខ សមុទ្រ​ចិន​ខាងត្បូង កំពុង​ប្រឈម​ឈ្លោះ​ជាមួយ ប្រទេស​សមាជិក​មួយចំនួន របស់​សមាគម​អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ព្រុយណេ។ ប្រទេស​សមាជិក​អាស៊ាន​ទាំង​៤ បាន​តវ៉ា ប្រឆាំង សកម្មភាព​ពង្រីកឥទ្ធិពល​យោធា​របស់​ចិន តាមរយៈ​ការសាងសង់ និង​បោះទីតាំង​យោធា​នៅ​កោះសិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close