ឆេះស្លាប់មនុស្សជាង ៥០នាក់ នៅហៃទី! ករណីប្រជាជននាំគ្នាច្រកសាំង ធ្លាយចេញពីរថយន្តដឹកប្រេងដែលក្រឡាប់
ហៃទី៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់នៅពេលដែលរថយន្តដឹកប្រេង បានផ្ទុះនៅក្នុងទីក្រុង Cap-Haitien នៃប្រទេសហៃទី កាលពីព្រឹកថ្ងៃអង្គារ ដោយក្រុមគ្រូពេទ្យក្នុងស្រុកជាច្រើន បាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
អភិបាលរងក្រុង Patrick Almonor បាននិយាយថា៖ “ខ្ញុំបានឃើញមនុស្សពី ៥០ ទៅ ៥៤ នាក់ត្រូវបានដុតទាំងរស់កន្លែងកើតហេតុ… ខ្ញុំមិនអាចកំណត់អត្តសញ្ញាណពួកគេបានទេ។” លោក Almonor ក៏បាននិយាយផងដែរថា ផ្ទះប្រហែល ២០ ខ្នងនៅក្នុងតំបន់នេះត្រូវបានឆេះដោយសារការផ្ទុះនេះ។
លោក បានមានប្រសាសន៍ថា៖ “យើងមិនទាន់អាចផ្តល់ព័ត៌មានលម្អិតអំពីចំនួនជនរងគ្រោះនោះទេ”។
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Ariel Henry បានកំណត់រយៈពេលនៃការកាន់ទុក្ខទូទាំងប្រទេស។ គាត់បានសរសេរថា៖ “ខ្ញុំបានដឹងដំណឹងដ៏សោកសៅ និងរំជួលចិត្តអំពីព័ត៌មានដ៏គួរឱ្យភ័យខ្លាចនៃការផ្ទុះរថយន្តដឹងសាំងកាលពីយប់មិញនៅ Cap-Haitien”។ លោកបន្តថា៖ “ការកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃនឹងធ្វើឡើង ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះនៃសោកនាដកម្មនេះ”។
បើតាមអភិបាលរងក្រុង លោក Almonor បានឱ្យដឹងថា អ្នកបើកបររថយន្តបានបាត់បង់ម្ចាស់ការ ខណៈរថយន្តបានបត់ដើម្បីគេចពីម៉ូតូតាក់ស៊ី ហើយបានក្រឡាប់។ ឥន្ធនៈបានហៀរលើផ្លូវ ហើយអ្នកថ្មើរជើងបានប្រញាប់ប្រញាល់ទៅច្រកប្រេងសាំងទុក ដែលបច្ចុប្បន្នកំពុងខ្វះខាត ខណៈប្រទេសហៃទី ជួបការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរឹតបន្តឹងនៃក្រុមឧក្រិដ្ឋជននៅរដ្ឋធានី Port-au-Prince ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។