ពលរដ្ឋ​ក្របី​រៀល​ជិត​៣០០​នាក់ ទស្សនកិច្ច​មើល​ការអភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​អង្គរ​

​ខេត្តសៀមរាប​៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ជិត​៣០០​នាក់ បានធ្វើ​ទស្សនា​កិច្ច​មើល​ពី​ការអភិវឌ្ឍ និង​សមិទ្ធផល​ការងារ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​។ គោលបំណង​សំខាន់ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ បានឃើញ​ពី​ការរៀបចំ ការអភិវឌ្ឍ និង​បានឃើញ​សមិទ្ធផល​ការងារ​នានា ដែល​បាន​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ទស្សនា​កិច្ច​នេះ គឺ​ស្រប​ពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ ដែលមាន​រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​។​

​អ្នកស្រី វន់ ស្រីរ័ត្ន ពលរដ្ឋ​រស់នៅ​សង្កាត់​ក្របី​រៀល បានបង្ហាញ​ការពេញចិត្ត​ជាខ្លាំង ចំពោះ​ការអភិវឌ្ឍ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ដូចជា​ផ្លូវថ្នល់ សួនច្បារ និង​ស្ដង់​លក់ដូរ​ជាដើម​។​ល​។ អ្នកស្រី​ថា ការរៀបចំ​នេះ​ពិតជា​ស្អាត​ប្លែក​ជាខ្លាំង ដែល​ធ្វើឱ្យ​អ្នកស្រី​ចម្លែក​ចិត្ត ដែល​ខុសប្លែក​ពី​ពេលមុនៗ​។ លើសពីនេះ អ្នកស្រី វន់ ស្រីរ័ត្ន បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​នានា​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ឱ្យ​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឱ្យបាន​គ្រប់ៗ​គ្នា​ផងដែរ​។​

​ចំណែក​លោក ឌូ នាម មេភូមិ​ប្រ​ម៉ា សង្កាត់​ក្របី​រៀល ក៏បាន​កោតសរសើរ និង​ត្រេ​ត​អរ​ជាខ្លាំង​ចំពោះ​សមិទ្ធផល​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក​មេភូមិ​បាន​ប្រៀបធៀប​ពីមុន ដែល​លោក​ធ្លាប់​មកលេង គឺ​ផ្លូវ​មិនសូវ​ល្អ អ្នកលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​។​ល​។ តែ​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​បានល្អ ទាំង​ផ្លូវថ្នល់ សួនច្បារ និង​ស្ដង់​លក់ដូរ ក៏ដូចជា​កិច្ចការ​អភិរក្ស​ជួសជុល​ប្រាសាទ​ជាដើម​។

​ជាមួយនឹង​ស្ដង់​ពិព័រណ៍​សមិទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក ឌូ នាម យល់ឃើញថា បង្ក​ការងាយស្រួល​ដល់​លោក និង​ពលរដ្ឋ​ដទៃទៀត អាច​ដឹង​ពី​សមិទ្ធផល​ជាច្រើន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដូចជា​ការជួសជុល​ប្រាសាទ និង​ប្រភេទ​ដើមឈើ​មួយចំនួន​ដែលមាន​ក្នុង​ឧទ្យាន​ជាតិ​នេះ​ជាដើម​។​ល​។​

​ជាមួយគ្នានេះ លោក​មេភូមិ សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ ត្រូវ​ចូលរួម​ថែរក្សា ដោយ​មិនត្រូវ​ប៉ះពាល់​ថ្ម ឬ​ដើមឈើ និង​ត្រូវ​ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​គ្រប់ៗ​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close