តម្លៃ​ប្រេងសាំង ចុះ​១០០​រៀល​ទៀត លក់ ៤,១០០​រៀល និង​ម៉ា​ស៊ូ​ត ៣,៧៥០​រៀល ក្នុង​១​លីត្រ

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ការកំណត់ថ្លៃ​ប្រេងឥន្ធនៈ ត្រូវ​លក់រាយ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដោយ​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ ៤,១០០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់​ក្នុងតម្លៃ ៣,៧៥០​រៀល ក្នុង​១​លីត្រ ។ បើ​ប្រៀបធៀប​នឹង​២​សប្តាហ៍​កន្លងទៅ តម្លៃ​ស​ប្រេងសាំង​ធម្មតា បាន​ចុះថ្លៃ ១០០​រៀល រីឯ​ម៉ា​ស៊ូ​ត ចុះថ្លៃ ១០០​រៀល ក្នុង​មួយ​លីត្រ ដូចគ្នា​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នឹងត្រូវ​លក់ ៤ ២៦០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៣ ៩១០​រៀល ក្នុង​មួយ​លីត្រ​។​

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close