ផ្អាក​អាជីវកម្ម​កាស៊ីណូ​មួយកន្លែង ករណី​ចាប់​បង្ខាំង​មនុស្ស ធ្វើ​ទារុណកម្ម និង​ជម្រិត​ទារប្រាក់ នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ផ្អាក​ជា​បណ្តោះអាសន្ន​អាជីវកម្ម​កាស៊ីណូ​ទីង​ស៊ី​ង មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្លូវ​មិត្តភាព ក្រុម​អី​៤ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​ការផ្អាក​ជា​បណ្តោះអាសន្ន​ការប្រកប​អាជីវកម្ម​របស់​កាស៊ីណូ​ទីង​ស៊ី​ង នេះ គឺ​បន្ទាប់ពី​រកឃើញ​កាស៊ីណូ​នេះ មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​លេខ​៩០៧/២១​សជណ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដែល​កំពុង​នៅ​ជា​ធរមាន​ឡើយ​។

​ជាក់ស្ដែង​យោងតាម​របាយការណ៍រ​បស់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ​មាន​ករណី​ចាប់​បង្ខាំង​មនុស្ស ធ្វើ​ទារុណកម្ម និង​ជម្រិត​ទារប្រាក់​នៅក្នុង​ទីតាំង​កាស៊ីណូ​ទីង​ស៊ី​ង​ខាងលើ ហើយ​ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាបបាន តាម​បណ្ដឹង​របស់​ភាគី​ជនរងគ្រោះ​។​
​ហេតុដូច្នេះ​រដ្ឋបាលខេត្ត​សម្រេច​អាជីវកម្ម​កាស៊ីណូ​ទីង​ស៊ី​ង ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្លូវ​មិត្តភាព​ក្រុមទី​៤ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជា​បណ្ដោះអាសន្ន​។

​ក្នុងអំឡុង​ពេលនេះ ស្នងការ​នគរបាល​ខេត្ត ត្រូវ​ចាត់តាំង​កម្លាំង​ប្រចាំការ គ្រប់គ្រង​ទីតាំង​នោះ​ដើម្បី​អនុវត្ត​នីតិវិធី និង​ទប់ស្កាត់​បទល្មើស រង់ចាំ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត ចុះ​អង្កេត​ស្រាវជ្រាវ​ករណីនេះ​បាន​ចប់សព្វគ្រប់ និង​មិន​អនុញ្ញាត​ឱ្យមាន​ការផ្ទេរ​សិទ្ធិ ឬ​ការលក់ ឬ​ការជួល ឬ​ការ​បញ្ចាំ ឬ​ការធ្វើ​អំណោយ​ទីតាំង​នោះ​ទៅជា​ឱ្យ​អ្នកដទៃ​ជាដាច់ខាត ដោយ​ត្រូវ​រង់ចាំ​ការទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ និយោជិត​រួចរាល់​សិន​។ ករណី​មិន​អនុវត្តតាម​ការសម្រេច​ខាងលើ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close