បារាំង ហាមឃាត់ការធ្វើដំណើរពីចក្រភពអង់គ្លេស ព្រោះវីរុសបំប្លែងថ្មី អូមីក្រុង
ប៉ារីស៖ រដ្ឋាភិបាលទីក្រុងប៉ារីសបានលើកឡើងថា បារាំងនឹងហាមឃាត់ការធ្វើដំណើរមិនសំខាន់ទាំងទៅ និងមកពីចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលមេដឹកនាំអ៊ឺរ៉ុបបានជំរុញឱ្យមានសកម្មភាពសម្របសម្រួល និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។
រដ្ឋាភិបាលបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី១៨ ខែធ្នូ អ្នកដំណើរត្រូវមានហេតុផលសំខាន់ក្នុងការធ្វើដំណើរទៅមកពីចក្រភពអង់គ្លេស ទាំងសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង និងអ្នកបានចាក់វ៉ាក់សាំង… ប្រជាជនមិនអាចធ្វើដំណើរដោយហេតុផលទេសចរណ៍ឬធ្វើការនោះទេ។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ពលរដ្ឋបារាំង និងប្រជាជននៃសហភាពអឺរ៉ុបនៅតែអាចត្រឡប់ទៅប្រទេសបារាំងពីអង់គ្លេសវិញបាន ប៉ុន្តែឥឡូវនេះពួកគេត្រូវធ្វើតេស្តអវិជ្ជមានតិចជាង ២៤ម៉ោង មុនការចេញដំណើរ ហើយការធ្វើចត្តាឡីស័កត្រូវតែអនុវត្តនៅពេលត្រឡប់មកបារាំងវិញ។
គួរបញ្ជាក់ថា ប្រទេសជុំវិញពិភពលោកបានចាប់ផ្តើមជំរុញប្រឆាំងនឹងការធ្វើដំណើរពីបរទេស ហើយថែមទាំងបង្កើនការរឹតបន្តឹងក្នុងស្រុក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែលអ្នកវិទ្យាសាស្ត្រជឿថា រីករាលដាលលឿនជាងមេរោគបំប្លែងផ្សេងទៀត បើទោះបីជាភាពមិនច្បាស់លាស់នៅតែមាន ជុំវិញថាតើវាមានគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។