អ្នកទេសចរ​ជិត​៧០​នាក់​ មក​ដល់​ខេត្តសៀមរាប ​ជា​លើកដំបូង តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​

​ខេត្ត​សៀម​រាម​៖ អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៦៧​នាក់ បាន​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប តាម​ជើងហោះហើរ នៃ​យន្តហោះ​របស់​ក្រុមហ៊ុន សាំង​កាពួ អ៊ែរ​ឡាញ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានន​ទទួល​ការ​ចុះចត​និង​ទទួលភ្ញៀវ​ទេសចរ បន្ទាប់ពី​រាជរដ្ឋាភិបាល បានសម្រេច​បើក​ប្រទេស​ឡើងវិញ និង​ទទួល​ទេសចរ​វ៉ាក់សាំង​ពេញលេញ​។

​ក្នុងឱកាស​ទទួល​ស្វាគមន៍​ការមកដល់​អ្នកទេសច​រ​ចម្រុះ​ជាតិ​សាសន៍​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចាត់ទុកថា នេះ​ជា​លើកដំបូង​ហើយ​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក៏ដូចជា​ខេត្តសៀមរាប បានទទួល​អ្នកទេសច​រ​លើកដំបូង​បន្ទាប់ពី​អាក់ខាន​ប្រមាណ​ជា​២​ឆ្នាំ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ហើយ​ការមកដល់​របស់​អ្នកទេសចរ​អន្តរជាតិ​នេះ ជា​សញ្ញា​ល្អ​មួយ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ជាពិសេស​ខេត្តសៀមរាប ។​

​យោងតាម ឯកឧត្តម ប៊ុន រដ្ឋា នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានឱ្យដឹងថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២ បានប្រកាស​ចាប់ផ្តើម​ហោះហើរ​មកកាន់​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំ​២០២១​នេះ ពោលគឺ ក្រម​ហ៊ុន​អាកាសចរណ៍​សាំង​ហ្គា​ពួ​អែ​រឡាញ ធ្វើការ​ហោះហើរ​ដឹក​អ្នកដំណើរ​មកកាន់​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប​ទៅ​សិង្ហ​បុរី​វិញ​ជា​រៀងរាល់ថ្ងៃ និង ក្រុមហ៊ុន​អាកាសចរណ៍ ឡាយ​ម៉ី​អែ​រឡាញ (Lamei Airlines) នឹងធ្វើ​ការហោះហើរ​ពី​ភ្នំពេញ​មក​សៀមរាប និង​ពី​សៀមរាប​ទៅ​បាងកក ពី​បាងកក​មក​សៀមរាប​វិញ ដោយ​ឆ្លងកាត់​ភ្នំពេញ ក្នុង​មួយ​សប្តាហ៍​ពីរ​ជើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close