ចោរបន្លំខ្លួនជាសមត្ថកិច្ច ចូលប្លន់អ្នក​លក់ឡេ យកអស់​ប្រមាណ ៩លានដុល្លារ

កាលពីវេលាម៉ោង​ប្រមាណជិត​១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​ក្រុម​ចោរ​មួយ​ក្រុម​បានចូល​ប្លន់អ្នក​លក់​ឡេល្បីឈ្មោះម្នាក់ ដោយ​យកអស់គ្រឿងអលង្ការ និងលុយ​ប្រមាណ៩លានដុល្លារអាមេរិក ដោយ​បន្លំ​ខ្លួនធ្វើជា​សមត្ថកិច្ច។

ករណីប្លន់នេះបានកើតឡើងនៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៥នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close