ឯកឧត្តម ថោង ខុន​៖ ការគ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» ឈរលើ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​៥

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស សម្រាប់​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» បាន​ថ្លែងថា ការគ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» ឈរលើ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​ចំនួន​៥ ដែល​អាច​រក្សាបាន​នូវ​ភាពរឹងមាំ សោភ័ណភាព សន្សំសំចៃ កៀរគរ​ចំណូល និង​ទាក់ទាញ​ចំណាប់អារម្មណ៍​កីឡា និង​ទេសចរណ៍​។​

​ការ​ថ្លែង​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​វិមាន​កីឡដ្ឋាន នៃ​ហុ​កីឡដ្ឋាន​ជាតិ​មរតក​ត​ជា​» និង​រាល់​ថយ ៥០២​ថ្ងៃ និង​ប្រកាស​បើក​យុទ្ធនា​ជាតិ​ផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAME ឆ្នាំ​២០២៣​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា យន្តការ​គ្រប់គ្រង វិមាន​កីឡដ្ឋាន ក៏​ដូច​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ទាំងមូល ត្រូវបាន​រៀបចំ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​រួមមាន​៖ ផ្នែក​រដ្ឋបាល​, សន្តិសុខ​, សណ្តាប់ធ្នាប់​, អនាម័យ​, គ្រប់គ្រង​កម្មវិធី​កីឡា​, គ្រប់គ្រង​បច្ចេកទេស​ថែទាំ​, ថែរក្សា​សំណង់ ប្រព័ន្ធ​ទឹក​-​ភ្លើង និង​ផ្នែក​ទីផ្សារ និង​ច​ល​នូ​ប​ត្ថ​ម្ភ​កីឡា​។​

​ឯកឧត្តម ថោង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា គោលការណ៍​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ គឺ​ឈរលើ​មូលដ្ឋានគ្រឹះ​សំខាន់ៗ ៥​យ៉ាង​ជាអាទិ៍​៖
១៖ រក្សា​ឱ្យបាន​នូវ​ភាពរឹងមាំ គុណភាព សោភ័ណភាព និង​ភាព​បៃតង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​
២៖ យក​ស្មារតី​សន្សំសំចៃ កាត់បន្ថយ​របៀប​ប្រើប្រាស់​ខ្ជះខ្ជាយ​លើ​ថាមពលទឹក​-​ភ្លើង និង​ធនធានមនុស្ស​មិនចាំបាច់​។​
៣៖ រៀបចំ​ផែនការ​កៀរគរ​ស្វែងរក​ចំណូល តាម​វិធីសាស្ត្រ​ទីផ្សារ​កីឡា និង​ច​ល​នូ​ប​ត្ថ​ម្ភ​កីឡា (Sport Marketing & Sponsorship) ពិសេស​បង្កើត​កម្មវិធី​ស្វែងរក​ចំណូល តាម​ព្រឹត្តិការណ៍​ប្រកួត​កីឡា ថ្នាក់ជាតិ និង​អន្តរជាតិ​គ្រប់​រដូវ​កាល​ពេញ​មួយឆ្នាំ ជា​រៀងរាល់ឆ្នាំ​។​
៤៖ រៀបចំ​បន្ថែម​គុណ​តម្លៃ​ស្តង់ដារ​បច្ចេកទេស​ទីលាន ប្រកួត​កីឡា​ទាំងអស់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​» ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ចលនា​កីឡា​ពិភពលោក​មក​កម្ពុជា ។​
៥៖ ប្រែក្លាយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ផ្សារភ្ជាប់​ជាមួយ​វិមាន ឈ្នះ​-​ឈ្នះ រមនីយដ្ឋាន​សួនសត្វ​សា​ហ្វា​រី​ភ្នំពេញ​, តារាង​កូន​ហ្គោល Garden City និង​តំបន់​ជុំវិញ ជា​មេដែក និង​ជា​និមិត្តរូប​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត សម្រាប់​រាជធានី​ភ្នំពេញ​។​

​វិមាន​កីឡដ្ឋាន គឺជា​សំណង់​ធំជាងគេ​ក្នុងចំណោម​សំណង់​នានា នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ វិមាន​កីឡដ្ឋាន​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​។ វិមាន​កីឡដ្ឋាន ទទួលបាន​ថវិកា​ជា​ជំនួយឥតសំណង់​សម្រាប់​ការសាងសង់​ពី​រដ្ឋាភិបាល​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦០​លាន​ដុល្លា​។​

​វិមាន​កីឡដ្ឋាន បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ គឺជា​កីឡដ្ឋាន​ខ្នាត​ធំ​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន រហូតដល់ ៦​ម៉ឺន​នាក់ ហើយ​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ​កម្រិត​ពិភពលោក​។ ពិសេស​នឹង​ក្លាយជា​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា នា​ឆ្នាំ​២០២៣​ខាងមុខ​។​

វិមាន​កីឡដ្ឋាន​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​។ ការសាងសង់​វិមាន​កីឡដ្ឋាន ដ៏​មហាអស្ចារ្យ​នេះ​បាន​ប្រើប្រាស់​រយៈពេល​៤៨​ខែ គិត​ចាប់​ពីថ្ងៃ​សាងសង់ រហូតដល់​ពេល​បិទ​បញ្ចប់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​។​

​វិមាន​កីឡដ្ឋាន​ដ៏​មហាអស្ចារ្យ​នេះ បាន​សាងសង់ឡើង​ក្នុង​កម្រិតស្តង់ដា​សុវត្ថិភាព​ខ្ពស់ ពោល​គឺអាច​ជម្លៀស​មនុស្ស ៦ ម៉ឺន​នាក់ ចេញពី​វិមាន​កីឡដ្ឋាន ក្នុងករណី​មាន​ហានិភ័យ​កើតឡើង​ជាយថាហេតុ ដោយ​ប្រើ​រយៈពេល​តែ​៧​នាទី​ប៉ុណ្ណោះ ។ វិមាន​កីឡដ្ឋាន​នេះ​មាន​ច្រកទ្វារ​ចំនួន ៥៤​សម្រាប់​ចេញចូល​ទៅ​ទស្សនា​កីឡា មាន​បន្ទប់ទឹក ចំនួន​៩៣ តំបន់ ស្មើនឹង ៨៦៣ បង្គន់​អនាម័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close