ក្រសួងបរិស្ថាន បាន​ផ្តិត​យក​រូប​ភាពជា​លើកដំបូង​បង្អស់ នៃ​សត្វ​ឈ្លូស​យក្ស ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត នៅ​ប្រទេស​កម្ពុជា​!

​ភ្នំពេញ​៖ ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន និង​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​(FFI) បាន​ផ្តិត​យក​រូប​ភាពជា​លើកដំបូង​បង្អស់ នៃ​សត្វ​ឈ្លូស​យក្ស ដែលជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត នៅ​ប្រទេស​កម្ពុជា​។

​រូបភាព​នេះ ត្រូវបាន​ថត​កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដោយ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​របស់​ក្រសួងបរិស្ថាន និង​អង្គការ​FFI​។ ​ការសិក្សា​ស្រាវជ្រាវ​នេះ មាន​គោលបំណង​បង្ហាញ​ពី​អច្ឆរិយៈ​នៃលក្ខណៈ​ជីវសាស្ត្រ​របស់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​លទ្ធផល​ទាំងនេះ នឹង​ផ្ដល់​ជា​ទិន្នន័យ​សម្រាប់​ផែនការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​របស់​ឧទ្យាន​ជាតិ​។

​បន្ថែម​ពីនេះ​ទៀត ក្រុមការងារ​របស់​យើង​(MoE-FFI) បាន​កត់ត្រា​នូវ​រូបភាព​កូន​ឈ្លូស​យក្ស ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​ជា​លើ​ដំបូងបង្អស់​ក្នុង​ប្រភេទ​កម្ពុជា​។ រូបភាព​ទាំងនេះ បញ្ជាក់​ឱ្យឃើញថា ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជា​ប្រភព​នៃ​មោទនភាព​ជាតិ​និង​ត្រូវការ​ការពារ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close