ឃាតកដែលសម្លាប់ក្មេងស្រីពីរនាក់បងប្អូននៅកំពង់ឆ្នាំង គឺជាអ្នកជិតខាង
នៅរសៀលថ្ងៃទី២១ ខែតុលា នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បាននាំយកឃាតកដែលបានសម្លាប់ក្មេងស្រីពីរនាក់បងប្អូនរួចយកសាកសពទៅដាក់ក្នុងកេស នៅស្រុកបរិបូរណ៍ កាលពីពេលថ្មីៗនេះយកមកធ្វើត្រាប់ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកសួរនាំអស់រយៈពេល២ថ្ងៃ។
ឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រោយមានអំពើឃាតកម្មនេះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំផងដែរ។
លោកបន្តថា ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។
សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ជាធម្មតាក្មេងស្រីទាំងពីរ ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យស៊ីស្មៅជាធម្មតា ចំឡែកតែព្រឹកថ្ងៃកើតហេតុ មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននាំគ្នា ដើររកគ្រប់ទីកន្លែងតែរកមិនឃើញ។ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូរបស់ជនរងគ្រោះបានឡើងលើផ្ទះជនរងគ្រោះ និងបានបើកកេសមើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរដេកស្លាប់នៅក្នុងកេសនោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។