មនុស្សស្លាប់កើនដល់ ២០៨នាក់ហើយ ដោយសារព្យុះទីហ្វុង Rai វាយប្រហារនៅហ្វីលីពីន
ម៉ានីល៖ មន្ត្រីប៉ូលិសជាតិហ្វីលីពីនបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារតែព្យុះទីហ្វុង រ៉ៃ (Rai) បានកើនឡើងដល់ ២០៨នាក់ ខណៈដែលមនុស្ស ២៣៩នាក់បានទទួលរងរបួស និង ៥២នាក់កំពុងបាត់ខ្លួន។
បន្ថែមលើនេះ ព្យុះទីហ្វុង រ៉ៃ ក៏បានបង្កឲ្យមនុស្សជាង ៣០ម៉ឺននាក់រត់ភៀសខ្លួនចេញពីលំនៅឋានផងដែរ។ ព្យុះទីហ្វុងដ៏កំណាចមួយនេះ បានបោកបក់ទៅលើប្រជុំកោះភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបើយោងតាមចំនួនមនុស្សស្លាប់ទាំង ២០៨នាក់នោះ វាគឺជាព្យុះដែលបានបង្កឲ្យមនុស្សបាត់បង់ជីវិតច្រើនជាងគេបំផុតនៅក្នុងឆ្នាំនេះ។
តំបន់ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារព្យុះទីហ្វុង រ៉ៃ នោះ គឺកោះ បូហុល ដែលជាតំបន់ទេសចរឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដោយនៅលើកោះនោះតែឯង គេបានរកឃើញមនុស្សស្លាប់រហូតដល់ ៧៤នាក់។
ជាមួយគ្នានេះ ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ ដើមឈើនានាត្រូវដកមកទាំងឬស និងបង្គោលភ្លើងបានដួលរលំគងលើផ្លូវថ្នល់ ស្របពេលដែលតំបន់ខ្លះត្រូវបានទឹកជន់លិច ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង រ៉ៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។