ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរ និងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ
ខេត្តសៀមរាប៖ ពិធីបង្ហោះខ្លែង នៅស្រុកបន្ទាយស្រី គឺជាព្រឹត្តិការណ៍ដំបូង និងជាបុណ្យមួយក្នុងចំណោមបុណ្យ និងកម្មវិធីកំសាន្តនានា ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានអាកខានអស់រយ:ពេលជិតពីរឆ្នាំដោយវិបត្តិកូវីដ-១៩។
ការរៀបចំឱ្យមាននូវបុណ្យខ្លែងនេះឡើង គឺចង់បង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកកំពុងខិតខំជម្រុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។ តាមរយៈបុណ្យខ្លែងនេះដែរ ពិតជាបានពញ្ញាក់អារម្មណ៍ ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនឱ្យមកចាប់អារម្មណ៍ និងរីករាយជាមួយកម្មវិធីដែលធ្លាប់តែធ្វើនៅតាមសហគមន៍ ភូមិ ស្រុកក្នុងរដូវរំហើយ ឱ្យក្លាយជាព្រឹត្តិការណ៍ត្រដុំត្រសង អ៊ូអរ និងខ្ញៀវខ្ញារ ដូចអ្វីដែលរដ្ឋបាលស្រុកបានគ្រោងទុក។
នេះបើតាមប្រសាសន៍ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រី នៅភូមិសសី ដែលជាភូមិបូរាណដែលមិនសូវបានគេស្គាល់។ តាមពិតភូមិនេះកាលពីដើមឡើយ ល្បីខាងផលិតកុលាលភាជន៍នាសម័យអង្គរ បានបន្សល់ស្លាកស្នាមនៅឡើយ ស្ថិតនៅតំបន់ជើងភ្នំ នៃឃុំត្បែង និងកៀកជិតទៅនឹងជួរភ្នំគូលែន ដែលថ្ងៃពេញបូរមី នៃខែខ្លះគេអាចគយគន់ព្រះច័ន្ទរះត្រដែតពីខាងក្រោយភ្នំយ៉ាងច្បាស់ផងដែរ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ ការជ្រើសរើសយកភូមិសសី នៃឃុំត្បែង រៀបចំបង្កើតព្រឹត្តិការណ៍នេះ គឺដោយសារតែជាភូមិបូរាណនេះ មានភាពអំណោយផលទាំងពេលវេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែលទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យខ្ពស់ទៅដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ ជាពិសេសបងប្អូនអ្នកទេសចរអាចបោះតង់ និងស្នាក់អាស្រ័យពេលយប់ដោយក្តីសោមនស្សរីករាយផងដែរ។
ការបង្ហោះខ្លែងគឺជាល្បែងកំសាន្តរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក និងបានដក់ជាប់ព្រមទាំងរក្សាទុកនៅក្នុងសង្គមខ្មែរជាប្រពៃណីប្រចាំរដូវកាល រហូតដល់បច្ចុប្បន្ន ។ បងប្អូននៅតាមសហគមន៍ជនបទ ចាត់ទុកការបង្ហោះខែ្លងបង្ហាញថា ជារដូវអស់ទឹកភ្លៀង និងសុំកុំឲ្យមេឃបញ្ជូនទឹកភ្លៀង ព្រោះអ្នកស្រុកត្រូវការពេលវេលាប្រមូលភោគផលកសិកម្ម ដែលជាប្រពៃណី និងជាជំនឿ យ៉ាងដូច្នេះហើយ ដែលរដ្ឋបាលស្រុកគិតថា បុណ្យខ្លែង គឺជាព្រឹត្តិការណ៍ដែលភ្ញៀវទសចរ មានការចាប់អារម្មណ៍។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោមការចូលរួមដោយសមាគមអភិវឌ្ឍ និងអភិរក្សខ្លែងខ្មែរ។ ក្រៅពីការបង្ហោះខ្លែងឯក ក៏ត្រូវបានបង្ករឱកាសជូនបងប្អូនប្រជាពលរដ្ឋ ដែលចេះធ្វើខ្លែងខ្លួនឯង អាចចូលរួមបង្ហោះកំសាន្តបាន ហើយកម្មវិធីនេះ ក៏មានស្តង់ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណ:គ្រួសារផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។