ចាប់បានហើយ​ក្រុមចោរ​ប្លន់អ្នក​លក់ឡេ អ៊ាន សៀវម៉ី

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១ បាន​តាម​ចាប់​ក្រុមចោរប្លន់​ផ្ទះ​ឧកញ៉ា អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី បាន​ហើយ​។

នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដកហូត​បាន​នូវ​អាវុធ​វែង​ខ្លី​មួយចំនួន និង​គ្រឿងអលង្ការ​មួយចំនួន​។

ការចាប់​ក្រុមចោរប្លន់​នោះ ធ្វើឡើង នៅក្នុង​វីឡា​មួយ ស្ថិតនៅក្នុង​បុរី ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

តាមព័ត៌មានទទួលបាន គឺសមត្ថកិច្ចក្របួចបានមនុស្សស្រីប្រុសសរុប ៩ នាក់ ក្នុងនោះស្រី ៣ នាក់ ។

សូម​រម្លឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២១ ក្រុមចោរ មាន​គ្នា ៤​នាក់ បាន​ជិះឡាន​ទំនើប​មួយគ្រឿង ចូល​ប្លន់​ដល់​ក្នុងភូមិ​គ្រឹះ​របស់​ឧកញ៉ា លក់​ឡេ អ៊ា​ន សៀវ​ម៉ី នៅក្នុង​បុរី​មូ​ន​ថោ​ន ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ដោយ​យក​គ្រឿងអលង្ការ បន្ទាប់មក​ក្រុមចោរប្លន់​នោះ ក៏បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close