អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​

​ភ្នំពេញ​៖ ដោយសារ​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​នៅ​តំបន់​ភ្លើងស្តុប​ផ្លូវ​លេខ​២០០៤ កែង​នៅ​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​នៅក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាល់​ថ្ងៃនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយកន្លែង​ទៀត​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​នេះ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវ​លេខ​២០០៤ ក៏ដូចជា​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​និង​ផ្លូវ​លេខ​២០១១​។​

​នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយនឹង​កងកម្លាំង​ទាំងពីរ​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​ការស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ បាន​ស្ថាប​បាន​ច្រើន​ភាគរយ​ហើយ និង​បានដាក់​ឲ្យ​ដំណើរការ ផ្លូវ​មួយចំនួន​នៃ​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នេះហើយ​ដែរ ។
​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៃ​រង្វង់​មូល​ចោមចៅ​នេះ ក្រោយពី​មានការ​ដាក់​ឲ្យ​ដំណើរការ ផ្លូវ​មួយចំនួន​នៃ​ស្ពាន​នេះ លំហូរ​សារាចរ​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ,​ផ្លូវ​លេខ​២០០៤​ក៏ដូចជា​ផ្លូវ​លេខ​២០១១ មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា ដើម្បី​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត នៅ​ចំណុច​ខាងលើនេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ស្ពាន​អាកាស​ថ្មី​មួយ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា ក្រោយពី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៃ​រង្វង់​មូល​ចោមចៅ ។ នៅពេល​ការដោះស្រាយ​ចរាចរណ៍​នៅ​រង្វង់​មូល​ចោមចៅ​បានល្អ​ប្រសើរ​ហើយ វា​បែរមក​កកស្ទះ​ចរាចរណ៍ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា (​ផ្លូវ​២០០៤ កែង​ផ្លូវ​សហ​ពន្ធ​រូ​ស៊ី​) នេះ​តែម្ដង ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវតែ​ធ្វើការ​សិក្សា​ដើម្បី​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close