តុលាការមីយ៉ាន់ម៉ា លើកពេលសាលក្រម ក្នុងសំណុំរឿងលោកស្រី អោងសាន ស៊ូជី ទៅសប្តាហ៍ក្រោយ
ណៃពិដោ៖ តុលាការយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទម្សិលមិញ បានពន្យារពេលការប្រកាសសាលក្រមថ្មីផ្សេងទៀត នៅក្នុងសំណុំរឿងរបស់លោកស្រី អោង សាន ស៊ូ ជី ទៅកាន់ថ្ងៃទី២៧ ខែធ្នូ វិញ ដោយគ្មានការពន្យល់ពីមូលហេតុឡើយ។
ការពន្យារពេលខាងលើ ធ្វើឡើងក្រោយលោកស្រី ស៊ូជី អាយុ៧៦ឆ្នាំ ដែលជាអតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសកាលពីថ្ងៃទី០៦ ខែធ្នូ ឱ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំពីបទញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា និងបំពានវិធានការទប់ស្កាត់ជំងឺ COVID-19។ ប៉ុន្តែការកាត់ទោសរបស់លោកស្រី ក្រោយមកត្រូវបានបន្ថយមកត្រឹម០២ឆ្នាំវិញ នៃការឃុំខ្លួននៅទីតាំងបច្ចុប្បន្នរបស់លោកស្រី ដែលមិនត្រូវបានបង្ហើបឲ្យដឹងឡើយ។
សូមជម្រាបថា តុលាការយោធាមីយ៉ាន់ម៉ាត្រូវប្រកាសសាលក្រមពាក់ព័ន្ធបទចោទប្រកាន់ចំនួន ២ផ្សេងទៀតរបស់លោកស្រី ស៊ូ ជី រួមមានពីបទកាន់កាប់ដោយខុសច្បាប់នូវឧបករណ៍វិទ្យុទាក់ទង និងឧបករណ៍កាត់ផ្តាច់រលកសញ្ញា ដែលអាចមានទោសអតិបរមាជាប់ពន្ធនាគាររយៈពេល ០៣ឆ្នាំ សម្រាប់បទចោទប្រកាន់ទីមួយ និងរយៈពេល ០១ឆ្នាំសម្រាប់បទចោទប្រកាន់ទី២។ បើតាមប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ចៅក្រមមិនបានប្រាប់ពីហេតុផលនៃការពន្យារពេលខាងលើនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។