សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំ និងពិសាអាហារពេលព្រឹកការងារជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម ង្វៀន សួនហ្វ៊ុក និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើឡើងនៅភូមិគ្រឹះតាខ្មៅ។
ក្នុងជំនួបអាហារពេលព្រឹកនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងសិទ្ធស្នាលរាក់ទាក់ ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយសាតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមនៅក្នុងពិធីនេះ។
នៅក្នុងពិធីទទួលទានអាហារពេលព្រឹក ជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានធ្វើការផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការងារ មួយចំនួនដែលសម្តេច និងឯកឧត្តមប្រធានរដ្ឋ ធ្លាប់បានធ្វើការជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីកន្លងទៅ។
ក្នុងជំនួបនោះដែរ ឯកឧត្តម ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។
ជាមួយនោះដែរ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះ បីជាស្ថិតនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដក្ដី។ ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមបែបថ្មី និងបានព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។
ភាគទីទាំងពីរ ក៏បានឯកភាព ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សា ឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។លើសពីនោះទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់ ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ង្វៀន សួនហ្វុក ដែលកន្លងមក បានគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយក៏សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម ង្វៀន សួនហ្វុក ដែលបានមានប្រសាសន៍ថា នឹងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។