អង់គ្លេសអាចនឹងត្រូវបោះឆ្នោតជាលើកទីពីរស្តីពីការចាកចេញពីអឺរ៉ុប
អង់គ្លេស/សហភាពអឺរ៉ុប ៖ អាចនឹងមានការបោះឆ្នោតជាលើកទីពីរ ស្តីពីBrexit ក្រោយពេលពលរដ្ឋអង់គ្លេស រាប់សែននាក់ធ្វើបាតុកម្ម ទាមទាឲ្យបោះឆ្នោតជាថ្មីឡើងវិញ។ កាលពីរសៀលថ្ងៃទី២១ ខែតុលា ពលរដ្ឋអង់គ្លេសជាង៧សែននាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីក្រុងឡុងដ៍ ទាមទាឲ្យរដ្ឋាភិបាល ឲ្យមានការរៀបចំការបោះឆ្នោតស្តីពីការចាកចេញពីអឺរ៉ុបជាលើកទីពីរ ឬហៅថា( Brexit 2)។ នេះជាបាតុកម្មទ្រងទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
ក្រុមអ្នករៀបចំបាតុកម្មបានឲ្យដឹងថា មានអ្នកគាំទ្រឲ្យអង់គ្លេសបន្តរួមរស់ជាមួយអឺរ៉ុប ជាង ៧សែននាក់ បានចូលរួមដង្ហែរក្បួនធ្វើបាតុកម្ម ។ បាតុកម្មខាងលើត្រូវបានចាត់ទុកថា ជាបាតុកម្មទ្រង់ទ្រាយធំបំផុតនៅប្រទេសអង់គ្លេស ចាប់តាំងពីបាតុកម្ម ប្រឆាំងសង្គ្រាមនៅអឺរ៉ាក់កាលពីឆ្នាំ២០០៣។ ចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្ម បានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពេលដំបូង ប៉ូលិសបានប្រមាណថា នឹងមានអ្នកចូលរួមយ៉ាងច្រើន ត្រឹម១សែននាក់ប៉ុណ្ណោះ។ ក្រុមបាតុករបានអំពាវនាវ ឲ្យមានការបោះឆ្នោតប្រជាមតិជាថ្មី ស្តីពីកិច្ចការចាកចេញ ពីតំបន់អឺរ៉ុបរបស់អង់គ្លេស។ ការធ្វើបាតុកម្មកើតឡើងក្រោយពេល ជាងមួយសប្តាហ៍ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Theresa May មិនទាន់ទទួលបានកិច្ចព្រមព្រៀង ជាមួយមេដឹកនាំអឺរ៉ុប ស្តីពីការចាកចេញរបស់អង់គ្លេស។ លោកស្រី Theresa May ក៏បានធ្វើឲ្យបណ្តាគណបក្សនយោបាយ ខឹងសម្បាយ៉ាងខ្លាំង ដោយសារតែមានការយោគយល់នៅក្នុងកិច្ចពិភាក្សា។
នៅរយៈពេលតែជាង៥ខែទៀតប៉ុណ្ណោះ ដែលអង់គ្លេសនឹងត្រូវចាកចេញពីសហគមន៍អឺរ៉ុប ប៉ុន្តែមកទល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយអឺរ៉ុបច្បាស់លាស់នៅឡើយ ។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំង បានព្រមានថា និងធ្វើការបោះឆ្នោតប្រឆាំងនៅនឹងកិច្ចព្រមព្រៀង ប្រសិនបើលោកស្រី May ទទួលបានកិច្ចព្រមព្រៀង ជាមួយអឺរ៉ុបនោះ ។
លោក James CcGrory អ្នករៀបចំបាតុកម្មម្នាក់ក្នុងចំណោម គណកម្មការរៀបចំបាតុកម្មបានឲ្យដឹងថា ពលរដ្ឋគួរតែមានឪកាសដើម្បីផ្លាស់ប្តូរការសម្រេចរបស់ខ្លួនដែលជះឥទ្ធិពលមិនល្អដល់ជីវភាពរស់នៅរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។