សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។

​អគារ​រដ្ឋបាល​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានចាប់ផ្តើម​សាងសង់​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០២០ មាន​កម្ពស់ ៣៥​ជាន់ (​ដោយ​មិន​គិត​ជាន់​ក្រោម​ដី​២​ជាន់​) កម្ពស់ ១២០​ម៉ែត្រ មាន​បណ្តោយ​ប្រវែង ៥៤​ម៉ែត្រ ទទឹង​ប្រវែង​ជាង ២៦​ម៉ែត្រ​។ អគារ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយបាន​ចែកចេញជា​ផ្នែក​ជាច្រើន សម្រាប់​សម្រួល​ដល់​ការបំពេញ​ការងារ​រប​ស់ម​ន្ត្រី និង​ការផ្តល់សេវា​។

​អគារ​នេះ មាន​ចំណត ៨​ជាន់ (​រួមទាំង​ជាន់​ក្រោម​ដី​២​ជាន់​) អាច​ចត​រថយន្ត​បាន ១៤២​គ្រឿង និង​ទោចក្រយានយន្ត ១០២​គ្រឿង បញ្ជរ​ព័ត៌មាន (​ជាន់​ទី​១) ច្រកចេញ​-​ចូល​តែមួយ (​ជាន់​ទី​៦) សាលប្រជុំ និង​បន្ទប់​ប្រជុំ សាលប្រជុំ​ធំ​២ សម្រាប់​ផ្ទុក​អ្នកចូលរួម ១៩៨​នាក់ និង​សម្រាប់ ១២៨​នាក់ និង​បន្ទប់​ប្រជុំ​តូច​មួយចំនួន ការិយាល័យ ២៣​ជាន់ ការិយាល័យ​អគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យ​អគ្គនាយករង ការិយាល័យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​ការិយាល័យ​មន្ត្រី អាហា​រដ្ឋា​ន (​ជាន់​ទី​២០) ក្លឹប​ហាត់ប្រាណ ស្ទី​ម និង​សោ​ណា (​ជាន់​ទី​៣១) ស្កា​យ​បារ (​ជាន់​ទី​៣៣ និង​៣៤)​។

​នៅ​ព្រឹក​នេះ ក្រៅតែពី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ហើយ​នោះ នៅក្នុង​កម្មវិធី​ថ្ងៃស្អែក​នេះ ក៏​ភ្ជាប់​ជាមួយនឹង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សាលា​ជាតិ​គយ និង​អគារ​សារមន្ទីរ​គយ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close