ជប៉ុន ផ្ដល់​អគារ​ព្យាបាល​អ្នកជំងឺ​មួយ​ខ្នង តម្លៃ​ជិត​២០​លាន​ដុល្លារ ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​

ខេត្ដ​សៀមរាប​៖ រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ដែល​ហៅ​កាត់​ថា JICA ក្រោម​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បានសម្រេច​ផ្ដល់នូវ​អគារ​ព្យាបាល​អ្នកជំងឺ​មួយ​ខ្នង កម្ពស់​៤​ជាន់ មានតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាម៉េរិក ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប ដែលមាន​គ្រែ​សម្រាប់​អ្នកជំងឺ​ជាង​២០០​គ្រែ ។​

​ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​នេះ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ជា​មន្ទីរពេទ្យ​សាធារណៈ​ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កំ​រឹត​៣ ដែលមាន​គ្រែ​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន​៣៧០​គ្រែ ដែល​បានផ្តល់​សេវា​ប្រកបដោយ​គុណភាព ប្រសិទ្ធិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ ពិសេស​បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​បន្ថែមទៀត​ជាច្រើន ដែល​សេវា​ទាំងនោះ មន្ទីរពេទ្យបង្អែក​ខេត្ត​ដ៍​ទែ​ទៀត​មិនអាច​ធ្វើបាន ប៉ុន្តែ​មន្ទីរពេទ្យ​នេះ​ក៏​នៅមាន​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ការពង្រឹង និង​ពង្រីក​សេវា​បន្ត ព្រមទាំង​តម្រូវការ​គាំទ្រ ដើម្បី​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​មន្ទីរពេទ្យ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង ពិសេស​តម្រូវ​ការចាំបាច់​បំពាក់​នូវ​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​ទំនើប​បន្ថែម​នៅតាម​ផ្នែក​នីមួយៗ និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ អគារ​ថ្មី​បន្ថែម​ជាដើម​។​

​លោក​បាន​បន្ដថា ក្រោម​ការខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន គម្រោង​អភិវឌ្ឍន៍​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បានសម្រេច​ជា​ផ្លែផ្កា ដោយ​ទទួលបាន​នូវ​ជំនួយ​ឧបត្ថម​ពី​រដ្ឋាភិបាល​ជប៉ុន​នូវ​អគារ​មួយ​ខ្នង​មាន​ផ្ទៃក្រឡា​សំណង់​ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់​៤​ជាន់ ប្រវែង​២៥ ម៉ែត្រ​គុណ​នឹង ៦៩ ម៉ែត្រ ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​សេវា​ឯកទេស វះកាត់ សេវា​សង្គ្រោះបន្ទាន់ និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ពិសេស​អគារ​មន្ទីរពេទ្យ​ថ្មី​នេះ​មាន​លក្ខណៈ​ជា​ស្តង់ដារ ជា​មន្ទីរពេទ្យ​ដែលមាន​ផា​សុភាព មា​នក​ម្រឹត​បង្ក​ការ ចំលងរោគ​កម្រិត​ទាប មាន​បំពាក់​ជណ្តើរយោង និង​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ ដែលមាន​ចំនួន​គ្រែ​សរុប​ចំនួន​២២០​គ្រែ ដែល​ទទួល​អ្នកជំងឺ​ទៅតាម​ជាន់​នីមួយៗ​។​

​លោក ថា​ដា​សិ អូ​ហ្គា​សាវ៉ា​រ៉ា (Tadashi Ogasawara) ទីប្រឹក្សា​គម្រោង (Project Formulation Advisor) មានប្រសាសន៍ថា ការផ្ដល់​អគារ​នៃ​មន្ទីរពេទ្យបង្អែក​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​សេវា​សុខភាព និង​ការពង្រីក​ការ​គ្របដណ្តប់​សេវា​សុខភាព​នៅក្នុង​តំបន់​នេះ តាមរយៈ​ការសាងសង់​អគារ បំពាក់​សម្ភារៈ​បរិក្ខារ​ទំនើបៗ ក៏ដូចជា​ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ផងដែរ ហើយ​លោក​សង្ឃឹមថា គម្រោង​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​បំពេញតម្រូវកា​រ​របស់​មន្ទីរពេទ្យ​នេះ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ តាមរយៈ JICA សម្រាប់​ការសាងសង់​អគារ​មន្ទីរពេទ្យបង្អែក​ថ្មី​ខេត្តសៀមរាប​នាពេលនេះ ហើយ​នេះ​គឺជា​ការចូលរួមចំណែក​យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ជាមួយ​ខេត្ត ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​ខេត្ត​មួយ​នេះ ឱ្យ​កាន់​មាន​ភាពទំនើប​ស៊ីវីល័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close