WHO បញ្ជាក់ថា គ្មានប្រទេសណា អាចប្រើវ៉ាក់សាំងជំងឺកូវីដ១៩ ដូសជំរុញ ចាកចេញពីជំងឺរាតត្បាតបាននោះទេ
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការប្រញាប់ប្រញាល់នៅក្នុងប្រទេសអ្នកមាន ដើម្បីដាក់ចេញនូវការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ដូសជំរុញ បានធ្វើអោយមានភាពមិនស្មើគ្នា ក្នុងដំណើរការចាក់វ៉ាក់សាំងចំពេលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាត។
ជាមួយគ្នានេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បាននិយាយអះអាងថា គ្មានប្រទេសណាមួយអាចប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ដើម្បីចាកចេញពីជំងឺរាតត្បាតបាននោះទេ។
លោក ថេដ្រូស បន្តថា កម្មវិធីដូសជំរុញទំនងជានឹងបន្លាយពេលជំងឺកូវីដ១៩ជាជាងបញ្ចប់វា បើនៅតែបង្វែរការផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់រួចទៅហើយ ដែលវាផ្តល់ឱកាសឱ្យមេរោគកាន់តែឆ្លងរាលដាល និងប្រែរូបកាន់តែច្រើន។
លោក ថេដ្រូស បន្ថែមថា ការចាក់វ៉ាក់សាំងដូសទី៣ មិនគួរត្រូវបានមើលឃើញថា ផ្តល់សេរីភាពពេញទីនោះទេ ហើយថា ដូសជំរុញមិនអាចត្រូវបានមើលឃើញថា ជាសំបុត្រដើម្បីបន្តការអបអរដែលបានគ្រោងទុកចុងឆ្នាំនោះទេ។
អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានដែរថា ការអបអរដំណាច់ឆ្នាំដោយគ្មានការទប់ស្កាត់ នៅតែអាចក្លាយជាប្រភពដ៏សំខាន់នៃការឆ្លងវីរុសកូរ៉ូណាថ្មីៗ។ ការគំរាមកំហែងនៃវីរុសបំប្លែងថ្មី អូមីក្រុង កំពុងលេចស្រមោលខ្លាំងឡើងនៅមុនថ្ងៃឈប់សម្រាកចុងឆ្នាំ ដោយជំរុញឱ្យរដ្ឋាភិបាលជាច្រើនដាក់ចេញការរឹតបន្តឹងថ្មី និងជំរុញឱ្យពលរដ្ឋទៅទទួលថ្នាំបង្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។