ពលរដ្ឋ១៣លាននាក់នៅទីក្រុងស៊ីអានត្រូវធ្វើតេស្តទាំងអស់នឹងបិទទីក្រុងទាំងមូល
មន្ត្រីរដ្ឋាភិបាលទីក្រុង ស៊ីអាន ខេត្ត សានស៊ី (Shaanxi )ប្រទេសចិនបានសម្រេចបិទទីក្រុងដែលមានពលរដ្ឋរហូតដល់ទៅ១៣លាននាក់ ក្រោយរកឃើញករណីឆ្លងកូវីដ១៩នៅក្នុងសហគមន៍។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ទីក្រុង Xi’an នៅក្នុងខេត្ត Shaanxi នៅថ្ងៃទី ២២ខែធ្នូ បានសម្រេចបិទទីក្រុង ទាំងមូលដោយស្នើដល់ពលរដ្ឋទាំង ១៣លាននាក់ ស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។
តាមការលើកឡើងរបស់មន្ត្រីទីក្រុង ស៊ីអាន ចាប់ពីម៉ោង ០ ថ្ងៃទី២៣ខែធ្នូ ពលរដ្ឋនៅក្នុងទីក្រុងនេះត្រូវតែស្នាក់ក្នុងផ្ទះលើកលែងមានបញ្ហាបន្ទាន់។ គ្រួសារនិមួយៗ គឺឲ្យមនុស្សម្នាក់ចេញទៅក្រៅក្នុងមួយថ្ងៃដើម្បីទិញសម្ភារៈស្បៀងអាហារចាំបាច់។
ជាមួយគ្នានេះមន្ត្រីរដ្ឋាភិបាល បានស្នើដល់ពលរដ្ឋមិនត្រូវចាក់ចេញពីទីក្រុងឡើយបើមិនមានការចាំបាច់។ ជាមួយគ្នានោះអ្នកដែលចង់ចេញពីទីក្រុងគឺត្រូវតែផ្តល់ភស្តតាងច្បាស់លាស់ ហើយដាក់ពាក្យស្នើសុំចេញពីក្រុង។
ការអនុវត្តច្បាប់តឹងតែង ហើយចាប់ផ្តើមធ្វើតេស្តដល់ពលរដ្ឋ១៣លាននាក់ ។ នៅក្នុងទីក្រុងស៊ីអាន កាលពីថ្ងៃទី២២ខែធ្នូ មានពលរដ្ឋ ៥២ នាក់បានឆ្លងរាលដាលកូវីដ១៩ ធ្វើឲ្យចំនួនអ្នកឆ្លងគិតត្រឹមពីថ្ងៃទី ៩ខែធ្នូ មកទល់ពេលនេះកើនឡើង ១៤៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។