អាមេរិកមានថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ ផលិតដោយក្រុមហ៊ុន Pfizer
ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសថា នឹងផ្តល់ថ្នាំព្យាបាលកូវីដ ១៩ Paxlovid នៅអាមេរិក ចំនួន ១៨០ពាន់ដូសក្នុងឆ្នាំ២០២១នេះ ។ ចំណែកនៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុននេះនឹងផលិតថ្នាំព្យាបាលចំនួន១២០លានដូស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ។
លទ្ធផលនៃការធ្វើតេស្ត ថ្នាំព្យាបាលកូវីដ ១៩ Paxlovid មានប្រសិទ្ធភាព និងសុវត្ថិភាព អាចជួយទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដល់ទៅ ៩០% ។
នៅថ្ងៃទី២២ខែធ្នូ សហរដ្ឋអាមេរិក នៅ បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ដោយធ្វើឱ្យវាក្លាយជាការព្យាបាលតាមរយៈការលេបដំបូងគេបង្អស់ និងអាចយកទៅប្រើប្រាស់នៅតាមផ្ទះបាន ដែលនេះជាការផ្តល់នូវឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ដែលកំពុងឆ្លងរីករាលដាល យ៉ាងលឿនរហ័សនៅជុំវិញពិភពលោក។
លោក Amesh Adalja អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅសកលវិទ្យាល័យ Johns Hopkins ផ្នែកសន្តិសុខសុខភាព បាននិយាយថា «ការអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ Paxlovid គឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយដែលកត់សម្គាល់នូវជំហានមួយទៀតឆ្ពោះទៅរកការធ្វើឱ្យ COVID-19 ក្លាយជាការឆ្លងដែលអាចគ្រប់គ្រងបានច្រើនជាងមុន»។
លោកបន្ថែមថា «ទោះជាយ៉ាងណា យើងមានបញ្ហាសំខាន់ចំនួនពីរដែលនៅសេសសល់៖ ថ្នាំគ្រាប់នេះនឹងខ្វះខាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ហើយការប្រើប្រាស់ដ៏ល្អប្រសើររបស់វាទាមទារឱ្យមានការធ្វើតេស្តរកជំងឺ COVID-19 ភ្លាមៗ ដែលអាចពិបាកជាមួយនឹងបញ្ហានៃការធ្វើតេស្តដែលបន្តញាំញីយើង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។