១១ខែ ឆ្នាំនេះ! គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៥៣៣លើក អ្នកស្លាប់ថយចុះ ១៦២នាក់ និងអ្នករបួសថយចុះ ១ ១២០នាក់
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ដែលបានប្រព្រឹត្តទៅខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា នៅក្នុងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានថយចុះចំនួន៩៤២លើក ស្មើនឹង២៣% អ្នកស្លាប់ បានថយចុះចំនួន៣៣៥នាក់ ស្មើនឹង១៧% អ្នករបួសថយចុះចំនួន១៤៥៥នាក់ ស្មើនឹង២៤% ប្រៀបធៀបនឹងឆ្នាំ២០១៩។
ដោយឡែក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨% អ្នកស្លាប់ថយចុះចំនួន១៦២នាក់ស្មើនឹង១១% អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦%។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡហោម បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិ៧ចំណុច នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាភូមិ ឃុំ សង្កាត់ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ដោយចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងចង្កោមបញ្ហាជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរម្យនា។
សម្ដេចក្រឡាហោម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមថែមទៀតក្នុងការគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងគ្រួសារ និងដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។