មជ្ឈមណ្ឌល​ទិន្នន័យ បែប​ទំនើប​ស្របតាម​ស្តង់ដារ និង​បច្ចេកវិទ្យា​ខ្ពស់​មួយ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​បរិវេណ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី និង​កាត់​ខ្សែបូរ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី បែប​ទំនើប​ស្របតាម​ស្តង់ដារ និង​បច្ចេកវិទ្យា​ខ្ពស់​មួយ របស់​ក្រសួងពាណិជ្ជកម្ម ជាមួយគ្នា​នឹង​កម្មវិធី​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម​ជាច្រើនរូប​។​

​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​នេះ ជា​សមិទ្ធិផល​ថ្មី​មួយទៀត​ដែល​ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២១ ហើយ​វា​មាន​សមត្ថភាព និង​សុវត្ថិភាព​ខ្ពស់ ក្នុង​ពង្រីក​សមត្ថភាព (Scalability) និង​រក្សារ​ឯកជ​នភា​ព​ទិន្នន័យ ដែល​រក្សារ​នៅ​ក្រសួងពាណិជ្ជកម្ម​។ តាម​សមត្ថភាព​របស់​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​នេះ វា​អាច​ធានា និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ក្រសួង​បាន​យ៉ាងហោចណាស់​០៣ (​បី​) ឆ្នាំ​ទៅមុខទៀត ក្នុងការ​រក្សាទុក​ប្រព័ន្ធ​ទិន្នន័យ​សំខាន់ៗ​របស់​ក្រសួងពាណិជ្ជកម្ម​។​ ​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​នេះ​បានរៀបចំ​ជា ០២(​ពីរ​)​ផ្នែក​សំខាន់​គឺ​៖ ផ្នែក​ទី​១ បរិក្ខារ​គាំទ្រ​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center Facilities) និង ផ្នែក​ទី​២ ផ្នែក​ព័ត៌មានវិទ្យា (Information Technology Equipments)​។​

​ឧបករណ៍​ទាំងអស់នោះ​រួមមាន​៖ ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ​, ម៉ាស៊ីន​មេ​, ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ និង​ប្រព័ន្ធ​សុវត្ថិភាព​បណ្តាញ​ដូចជា Firewall និង​ឧបករណ៍​ប្រឆាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​។ ក្នុងនោះ​ម៉ាស៊ីន​មេ មាន CPU ចំនួន ២៨៨ Core, RAM រហូតដល់ ២TB និង​អង្គ​ផ្ទុក​ទិន្នន័យ (Storage) រហូតដល់ ១៥៤TB ដែល​អាច​ផ្ទុក​ម៉ាស៊ីន​និម្មិត (Virtual Machine) ជា​មធ្យម ចន្លោះ​ពី ១០០ ទៅ ១៥០​។

​លើសពីនេះ ក្រុមការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា​របស់​ក្រសួង បាន​តម្លើង​ប្រព័ន្ធ​ឆ្លាស់ Active-Active និង Active Standby ទៅលើ​ប្រតិបត្តិការ​ទាំងអស់​រប​ស់​ឧបករណ៍ ព្រមទាំង​បាន​តម្លើង​នូវ​ប្រព័ន្ធ​ឆ្លាស់​បម្រុង Load balance Link balance ដើម្បី​ធានាបាន​នូវ​និរន្ត​ភាព​នៃ​ប្រតិបត្តិការ និង​ការផ្តល់​សេវាកម្ម​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម​។​

​សូមបញ្ជាក់​ពី​សារបាន​របស់​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ថា បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​ទទួល​បានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្រុមការងារ​ក្រសួង​បាន​សិក្សា និង​ជ្រើសរើស​ក្រុមហ៊ុន​រៀបចំ​ដំឡើង​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម ដែលមាន​ស្តង់ដារ និង​បច្ចេកវិទ្យា​ខ្ពស់ ហើយ​ថវិកា​ក្នុងការ​ក៏​សាង​ឡើង (​ក្រោម​គម្រោង​វិនិយោគ​ផ្ទាល់​) អស់​ចំនួន​៖ ៣.៩៩០.០០០.០០០​រៀល (​បី​ពាន់​ប្រាំបួន​រយ​កៅសិប​លាន​រៀល​គត់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close