នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស Foodpanda ប្តេជ្ញាចិត្ត​អភិវឌ្ឍ​ធនធានមនុស្ស និង​ទីផ្សារការងារ​សម្រាប់​យុវជន​

​ភ្នំពេញ​៖ លោក Patrice Vignes នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន ឌី​លី​វើ​រី ហេ​រ៉ូ​(​ខេ​ម​បូ​ឌា​) ឯ​.​ក (foodpanda) កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ បាន​ចូលជួប​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា និង​ទីផ្សារការងារ​សម្រាប់​យុវជន​។

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ក៏បាន​លើកឡើង​ពី​ការប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែល​បានធ្វើ​ឲ្យ​រាំងស្ទះ​នូវ​ការ​ដំណើរ​
​ការ​អាជីវកម្ម​មួយចំនួនធំ ដោយ​ក្នុងនោះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កញ្ចប់​វិធានការ ចំនួន ១០​ជុំ រួចមកហើយ ក្នុងនោះ​សម្រាប់​វិស័យ​ការងារ បាន​អនុវត្ត​វិធានការ​ដោះស្រាយ​ផលប៉ះពាល់ រួមមាន​៖ ការអនុញ្ញាតឱ្យ​រោងចក្រ សហគ្រាស ដែល​រង​ផលប៉ះពាល់ អាច​ព្យួរ​កិច្ចសន្យាការងារ​, កម្មករនិយោជិត​ទទួលបាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ និង​ការបណ្តុះបណ្តាល​ជំនាញ​ទន់​, និយោជក​ទទួលបាន​កា​រ​អនុគ្រោះ​ចំពោះ​កាតព្វកិច្ច​មួយចំនួន​, ការលើកលែង​បង់​ភាគទាន​ជាដើម​។

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​វិស័យ​ឯកជន ក្រសួង​ការងារ បានដាក់​ឱ្យ​ដំណើរការ​ការផ្ដល់សេវា​សាធារណៈ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដោយ​មិនចាំបាច់​ចំណាយ​ថ្លៃ​ធ្វើដំណើរ ទទួល​សេវា​បាន​ឆាប់រហ័ស កាត់បន្ថយ​ការចំណាយ និង​បង្ការ​ហានិភ័យ​នៃ​ការចម្លង​មេរោគ​កូ​វីដ​-១៩ ព្រមទាំង​ជួយ​ដល់​ការគ្រប់គ្រង​ព័ត៌មាន និង​ទិន្នន័យ​កម្មករនិយោជិត​សម្រាប់​រោងចក្រ សហគ្រាស​។

​លោកនាយក​គ្រប់គ្រង លើកឡើងថា ក្រុមហ៊ុន​នឹង​ប្តេជ្ញាចិត្ត​ធ្វើការ​វិនិយោគ​កាន់តែ​ធំ​ជាង​នេះ​បន្ថែមទៀត ដោយមាន​ផែនទី​បង្ហាញផ្លូវ​បង្កើតជា​ប្រព័ន្ធ​ស្តង់ដារ​មួយ ឲ្យ​មានការ​គាំទ្រ​ពី​អ្នកប្រើប្រាស់​សេវា​នេះ​ឲ្យ​កាន់តែច្រើន​បន្ថែម​ទៀ​។ Foodpanda ចាប់ផ្តើម​សេវា​ដឹកជញ្ជូន​គ្រឿងទេស និង​ដឹកជញ្ជូន​ម្ហូបអាហារ​ទូទៅ ដោយមាន​បុគ្គលិក​២៦០០​នាក់ និង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែមទៀត​នាពេលខាងមុខ​។​

​លោក Patrice Vignes បាន​ឲ្យ​ដឹងថា foodpanda គឺជា​យីហោ​ចែកចាយ​ម្ហូបអាហារ និង​គ្រឿងទេស តាម online របស់​ក្រុមហ៊ុន Delivery Hero ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ប៊ែ​ឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​កំពុង​ប្រតិបត្តិការ​ចំនួន ២០​យីហោ នៅ​បណ្តា​ប្រទេស​ចំនួន ៥០ ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន មាននៅ​ក្នុងប្រទេស​ចំនួន ១៤ នៃ​បណ្តា​ប្រទេស​អាស៊ី​, ប៊ុលហ្គារី​, និង​រូ​ម៉ា​នី ។ foodpanda បាន​ចូល​ទីផ្សារ​កម្ពុជា ឆ្នាំ​២០១៩ និង​ចុះបញ្ជី​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​។ ប្រតិបត្តិការ​នៅ​កម្ពុជា ក្នុងនាម​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មានកំណត់ ដែល​សកម្មភាព​អាជីវកម្ម​ចម្បង​គឺជា​ផ្សារ online និង​សេវាកម្ម​ដឹកជញ្ជូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close