មេបក្សខ្មែរក្រោក ធ្លាប់ប្លន់ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច
នៅក្នុងចម្លេីយសារភាព សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បានសារភាពថា ក្រុមរបស់ខ្លួនបានរៀបផែនការប្លន់ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។
ហើយក្រោយមកទើបមានករណីប្លន់លេីកទីពីរ គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។
ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។