សម្តេច ហ៊ុន សែន ៖ ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ
ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង Pfizer ចំនួន៧៨៣,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី (ជំនួយសរុបប្រមាណជាង ២.៣៥លានដូស) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ (២៦ ធ្នូ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ។
សម្តេចតេជោបានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។
សម្តេចតេជោរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃនេះ កម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យកីឡាករការ៉ាត់តេដូ ២រូប ដែលទើបមកពីប្រកួតនៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលព្យាបាលកូវីដ-១៩ ខណៈដែលពួកគេត្រូវប្រឡងបាក់ឌុបនៅមណ្ឌលបាក់ទូក ។ ដូច្នេះសម្តេចបានអំពាវនាវឲ្យសិស្សនៅមណ្ឌលបាក់ទូកកុំមានការភ័យខ្លាច ព្រោះខាងក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាលបានរៀបចំពួកគេឲ្យប្រឡងនៅដាច់ដោយឡែកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។