ពីរ​ថ្ងៃ ចុង​សប្តាហ៍​នេះ​! ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាង ២៥​ម៉ឺន​នាក់ បានចេញ​ដើរ​កម្សាន្ត​!

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​ថា​នៅ​រយៈពេល​២​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅនេះ គឺ​ថ្ងៃទី​២៥-២៦ ខែធ្នូ ឆ្នាំ​២០២១ មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នានា​សរុប​ចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២៤២ ៩៨៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១០ ៦៣៥ នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នេះ មានការ​កើនឡើង​ប្រមាណ​ជា ២៤.៧% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។​
​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ ៥៥ ០៨៤ នាក់​
* ខេត្ត​ព្រះសីហនុ ៤៥ ៨៤៣ នាក់​
* ខេត្តសៀមរាប ២៥ ៣៩០ នាក់​
* ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់​
* ខេត្តកំពត ២១ ៥៨៩ នាក់​
* ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់​
* ខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា វិស័យ​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ បាន​ទាញយក​ឱកាស​នៃ​ការ​ប្រារព្វ​បុណ្យ​ណូអែល ឬ​គ្រី​ស​ម៉ាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ តាមរយៈ​ការរៀបចំ​តុបតែង​លម្អ​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន ក៏ដូចជា​បង្កើត​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេងៗ (Promotion)​។​

​ដោយឡែក សម្រាប់​ការ​ប្រារព្វ​ពិធី​ឆ្លង​ឆ្នាំ​សាកល​នា​ចុង​សប្តាហ៍​ក្រោយនេះ អត្រា​ការ​កក់​បន្ទប់​ស្នាក់ នៅមានកម្រិត​ខ្ពស់​នៅតាម​ខេត្ត​សំខាន់ៗ ដូចជា​កែប កំពត និង​មណ្ឌលគិរី ដែល​បន្ទប់​ស្នាក់នៅ​ជាង ៨០% ត្រូវបាន​ភ្ញៀវ​កក់​រួចស្រេច​រហូតមក​ដល់ពេលនេះ ខណៈដែល​គោលដៅ​ខេត្ត​ព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និង​រតនគិរី ក៏​ការ​កក់​បន្ទប់​ស្នាក់​នៅមាន​អត្រា​ខ្ពស់​ផងដែរ​។​

​ឯកឧត្ដម​បន្ថែមថា បណ្តា​រដ្ឋបាល​រាជធានី​ខេត្ត បាន​កំពុង​រៀបចំ​តុបតែង​លម្អ​ទីក្រុង និង​ទីប្រជុំជន ដើម្បី​ត្រៀម​ទទួល​អំណរ​ឆ្នាំ​ថ្មី និង​ទាក់ទាញ​ភ្ញៀវទេសចរ ព្រមជាមួយ​ការរៀបចំ​ពិធី​រាប់​ថយក្រោយ (Countdown) នៅតាម​ទីតាំង​សំខាន់ៗ​មួយចំនួន​។​

​ក្រសួងទេសចរណ៍ មន្ទីរ​ទេសចរណ៍ បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ វិស័យ​ឯកជន និង​ភ្ញៀវទេសចរ ឲ្យ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់ នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាយថាហេតុ​ណាមួយ ពិសេស​នាឱកាស​ប្រា​ព្វ​ពិធី​ឆ្លង​ឆ្នាំ​សាកល​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close