ជើងហោះហើរ​ជាង ៦​ពាន់ ត្រូវបាន​លុបចោល ដោយសារ​ព្រួយបារម្ភ​ពី​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង

​វ៉ាស៊ីនតោន​៖ ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​លុបចោល​ទូទាំង​ពិភពលោក​កាលពី​ចុង​សប្តាហ៍​ថ្ងៃបុណ្យ​ណូអែល ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង និង​កង្វះ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​។​ សារព័ត៌មាន CNN បាន​រាយការណ៍​ថា ជើងហោះហើរ​ជាង ៦​ពាន់​ជុំវិញ​ពិភពលោក​ត្រូវបាន​លុបចោល​នៅ​ចុង​សប្តាហ៍​ថ្ងៃបុណ្យ​ណូអែល ចំពេល​មានការ​កើនឡើង​វីរុស​កូ​វីដ​១៩ និង​កង្វះ​បុគ្គលិក​។



ជើងហោះហើរ​រាប់រយ​ត្រូវបាន​លុបចោល​ផងដែរ​នៅ​ថ្ងៃបុណ្យ​ណូអែល ដែល​បំផ្លាញ​ផែនការ​របស់​ប្រជាជន​ក្នុងការ​ចំណាយពេល​ថ្ងៃបុណ្យ​ណូអែល​ជាមួយ​សាច់ញាតិ​របស់​ពួក​។ អ្នកតំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​រួមមាន United, JetBlue និង Delta បាន​ប្រាប់​កាសែត New York Times កាលពី​ថ្ងៃអាទិត្យ​ថា ជើងហោះហើរ​កំពុង​ត្រូវបាន​លុបចោល​ដោយសារ​ការព្រួយបារម្ភ​អំពី​ការឆ្លង​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ក្នុងចំណោម​បុគ្គលិក​។

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta ក៏បាន​ប្រាប់​កាសែត The NYT ថា ក្រុមហ៊ុន​អាកាសចរណ៍​រំពឹងថា នឹង​លុបចោល​ជើងហោះហើរ​យ៉ាងហោចណាស់ ៤០ នៅក្នុង​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា៍​នេះ​។​

​ទន្ទឹមនេះ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ជាច្រើន​បាន​អំពាវនាវ​ដល់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង (CDC) ឱ្យ​កាត់បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​ដែល​បាន​វ៉ាក់សាំង​ពេញលេញ ដើម្បី​ជម្នះ​បញ្ហា​នេះ ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស អូ​មី​ក្រុង ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សកម្មភាព​របស់​ក្រុមហ៊ុន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close