ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​បើក​សិក្ខាសាលា ស្តីពី «​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​»

​ភ្នំពេញ​៖ «​សិក្ខាសាលា​ថ្ងៃនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដោយបាន​ផ្តល់ឱកាស​ស​ម្រា​ប់​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ក្នុង​ភាពជា​អ្នកដឹកនាំ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ការងារ សំដៅ​ពង្រឹងសមត្ថភាព ក្រមសីលធម៌​វិជ្ជាជីវៈ និង​គុណ​តម្លៃ​មន្ត្រីរាជការ​ជាពិសេស​ជូន​មន្ត្រីរាជការ​ជា​យុវជន ដែល​នឹង​ក្លាយជា​អ្នក​បន្តវេន​ដ៏​សំខាន់​នៅក្នុង​អង្គភាព​របស់ខ្លួន និង​ស្របទៅតាម​សភាពការណ៍ និង​ការវិវឌ្ឍ​ថ្មីៗ​របស់​កម្ពុជា និង​ក្របខណ្ឌ​វិស័យ​បរិស្ថាន​» នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី «​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​» នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ក្រសួងបរិស្ថាន​មាន​បេសកម្ម​ដឹកនាំ និង​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិ​អោយ​សមស្រប និង​មាន​និរន្ត​ភាព និង​ការរស់នៅ​ដោយ​ចីរភាព ជា​ឧ​ត្ត​ម​ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់ ក្នុង​បរិបទ​ចក្ខុវិស័យ​ទាំង​៣​គឺ ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ចក្ខុវិស័យ​បរិស្ថាន​ឆ្នាំ​២០២៣ និង ចក្ខុវិស័យ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​២០២៣​។​

​គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​ក្រសួងបរិស្ថាន តែងតែ​រៀបចំ​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ជូន​មន្ត្រីរាជការ​ទើប​ជាប់​ក្របខណ្ឌ​ថ្មី​ក្នុង​គោលបំណង បណ្តុះ​ស្មារតី ឆន្ទៈ មនសិការ ក្រមសីលធម៌ អោយ​ស្រលាញ់​ជាតិ់​មាតុភូមិ ក្រសួង​ស្ថាប័ន ពង្រឹងសមត្ថភាព និង​ក្រមសីលធម៌​ក្នុង​ភាពជា​អ្នកដឹកនាំ ដល់​មន្ត្រីរាជការ​ជា​យុវជន សម្រាប់​បន្តវេន​។​ជាពិសេស សិក្ខាសាលា​នេះ​ក៏មាន​ការចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ពី​ថ្នាក់ដឹកនាំ​របស់​ក្រសួង ក្នុងការ​អនុត្ត​តួនាទី​ភារកិច្ច គោលនយោបាយ​របស់​ក្រសួង​ចំពោះ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព ជូន​សិក្ខាកាម​ជា​មន្ត្រី​វ័យក្មេង​ចំនួន​២៤៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close