ការឃាត់ទុក​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុក​ទម្ងន់​លើសពី ២០% ក្នុង​រយៈពេល ១​ឆ្នាំ និង​គ្មាន​ការលើកលែង​ឡើយ

​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ព្រមទាំង​បានចេញ​សេចក្តីជូនដំណឹង​បន្តបន្ទាប់ ជាពិសេស​សេចក្តីជូនដំណឹង​លេខ​០៤៩​សជណ​.​សក​.​គ​ត​លទ ចុះ​ថ្ងៃ ទី​២៨ ខែតុលា ឆ្នាំ​២០២០ ស្តីពី​ការពង្រឹង​វិធានការ​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ក៏ដោយ ក៏​នៅតែ​សង្កេតឃើញថា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន​តូច​នៅតែ​ព្រងើយកន្តើយ និង​មិន​ព្រម​ចូលរួម​អនុវត្តតាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​។

​ជាក់ស្តែង​បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកលែង​បន្ធូរបន្ថយ និង​ដោះលែង​រថយន្ត​ចំនួន ២២៩​គ្រឿង កាលពី​ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ​២០២១ មក រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុក​ទម្ងន់​លើសពី​២០(​ម្ភៃ​)​ភាគរយ ចំនួន​៧៥​គ្រឿង ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ក្រាប និង​ស្ទាក់ចាប់​បានជា​បន្តបន្ទាប់​។

​អាស្រ័យហេតុនេះ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សង្ឃឹម​ជឿជាក់ និង​សូម​អំពាវនាវ​ដល់​សមា​គម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក សមាគម​ភ្នាក់ងារ​ប​ញ្ចូ​ន​ទំនិញ​កម្ពុជា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ម្ចាស់​ការដ្ឋាន​អាជីវកម្ម​ថ្ម ម្ចាស់​ដេប៉ូ​ខ្សាច់ ម្ចាស់​ការដ្ឋាន ជីក​យក​អាចម៍ដី ឬ​ប្រតិបត្តិ​ករ​ដឹកជញ្ជូន​ធុន​ធ្ងន់​ទាំងអស់ នឹងចូលរួម​អនុវត្តតាម​ការ​ក្រើនរម្លឹក​សារ​ថ្មី​នៃ​សេចក្តីជូនដំណឹង​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close