ចាប់ខ្លួន​មេខ្យល់ ៣​នាក់ ខណៈ​បម្រុង​នាំ​ពលករ ៨៨​នាក់ ឆ្លងដែន​ចូល​ប្រទេស​ថៃ​ខុសច្បាប់​!

ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​មេខ្យល់​ចំនួន ៣​នាក់ និង​ពលករ​ចំនួន ៨៨​នាក់​ទៀត ខណៈ​ពួកគេ​បម្រុង​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ នៅត្រង់ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ជាប់​ភូមិសាស្ត្រ​ក្រុមទី​០៦ ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មេខ្យល់​ចំនួន ០៣​នាក់​នោះ ១-​ឈ្មោះ លាង ចន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​ស្រុក​សំពៅ​លូន​, ២-​ឈ្មោះ គូ សុផាត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ទីលំនៅ​ស្រុក​សំពៅ​លូន និង​៣-​ឈ្មោះ អ៉ឹ​ម សុខ​ខ្មុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ខេត្តពោធិ៍សាត់ (​ជា​តៃកុង​ឡាន​)​។​

​ដោយ​ឡេ​ក​ពលករ​ទាំង ៨៨​នាក់ មាន​ស្រី ៤០​នាក់ ក្មេង ២៤​នាក់ និង​ស្រី ១៣​នាក់ ពួកគេ​បានមកពី​ខេត្តសៀមរាប ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់ និង​បាន​បង់ថ្លៃ ធ្វើដំណើរ​ឲ្យ​មេខ្យល់​ទាំង ៣​នាក់​នោះ ក្នុង​ម្នាក់ ១.៥០០​បាត​។​

​ករណីនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ទាំង ៣​នាក់ និង​ពលករ ៨៨​នាក់ បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ធ្វើការ​សាកសួរ និង​ចាត់​ការបន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close