រដ្ឋមន្រ្តីក្រសួងអប់រំ ៖ កូវីដ១៩មិនបានរារាំងការប្រឡងបាក់ឌុបឆ្នាំនេះទេ ហើយថែមទាំងសំរេចបានល្អជាងឆ្នាំមុនៗ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅបានមានប្រសាសន៍ថា បញ្ហាកូវីដ១៩ មិនបានធ្វើឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រអាក់រអួលនោះទេ ថែមទាំងឲ្យស្ថានភាពក្នុងមណ្ឌលប្រឡងល្អជាងឆ្នាំមុនៗ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន ក្រោយបិទបញ្ចប់ការប្រឡងបាក់ឌុប នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងអប់រំ។
«ការព្រួយបារម្ភកន្លងមកនេះ ដែលយើងព្រួយបារម្ភខ្លាចថា ការប្រឡងអាចបង្កើតឲ្យមានបញ្ហាផ្សេងៗ ជាពិសេសយើងខ្លាចថា ភាពរអាក់រអួលនៃជំងឺកូវីដ គឺមិនមានកើតឡើងនោះទេ។ ការមិនមានបញ្ហានេះ ដោយសារតែការដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការលើកកម្ពស់វិធានការសុខាភិបាល ៣កុំ ៣ការពារ គឺបង្កលក្ខណៈឲ្យការប្រឡងលើកនេះ ដំណើរការល្អជាងឆ្នាំមុនៗ» – លោក ហង់ជួន ណារ៉ុន
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់។ ក្នុងនោះបេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។
បើតាមការគ្រោងទុកលទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។