ACU រកឃើញថា ស្នងការរងខេត្តកំពង់ឆ្នាំងស៊ុំ សុជាតិ លក់ដីព្រៃលិចទឹកបឹងទន្លេសាបបានលុយជាងកន្លះលានដុល្លារ
អង្គភាពប្រឆាំអំពើពុករលួយ (ACU) បានរកឃើញលោកឧត្តមសេនីយ៍ ស៊ុំ សុជាតិ ស្នងការរងនរគបាលខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធនឹងការទន្ទ្រាន់កាន់កាប់ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន៣៨ទីតាំង មានទំហំជិត១ពាន់ហិកតា និងលក់ដូរបានប្រាក់ចំនួនជាង៥១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ក្នុងរបាយការណ៍នៃកិច្ចប្រជុំលើកទី៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ករណីប៉ះពាល់លើដីព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាប នៅខេត្តទាំង៦នោះ វរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នរគបាលខេត្តកំពង់ឆ្នាំ និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធបទល្មើសធំៗចំនួន៣ ក្នុងនោះរួមមាន ៖១ បំផ្លាញដោយចេតនា និងគៃបំបាក់ដោយទុច្ចរិត, ២ ឈូស ឆាយ និងហ៊ុំព័ន្ធដីព្រៃលិចទឹក និង៣ បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
ជាងនេះទៅទៀត អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរងនូវបទល្មើសថែមមួយទៀត គឺបទសម្អាតប្រាក់ ។
ក្នុងរបាយការណ៍ខាងលើនេះ បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ស្នងការរង ស៊ុំ សុជាតិ ត្រូវបានអង្គភាពប្រឆាំអំពើពុករលួយ រកឃើញថាបានកាន់កាប់ និងទន្ទ្រានដីចំនួន៣៨ទីតាំង មានទំហំជិត១០០០ហិកតា (៩៥២,០២ហិកតា) ដោយឈ្មោះនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួនត្រឹមតែ ៦៧៨ហិកតាប៉ុណ្ណោះ ។
របាយការណ៍បញ្ជាក់ថា «លោក ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន៨លើក បានលុយជាង ៥១ម៉ឺនដុល្លារ» ។
សូមរំលឹកថា អង្គភាពប្រឆាំង អំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅបាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មកសាកសួរពាក់ព័ន្ធករណីកាន់កាប់ដីព្រៃលិចទឹក តំបន់៣ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។