ថ្នាំ​គ្រាប់​ព្យាបាល​កូ​វីដ​១៩ ប្រភេទ Molnupiravir ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ឥណ្ឌា​

​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​ថ្នាំ​ព្យាបាល​វិញ​គឺ​សម្រាប់​ព្យាបាល​អ្នកជំងឺ កូ​វីដ​១៩ អាចជួយ​ទប់ស្កាត់​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​និង​ស្លាប់​ដោយសារ​កូ​វីដ​១៩ ។​

​គណៈកម្មការ​ត្រួតពិនិត្យ គុណភាព​និង​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល​នៅ​ឥណ្ឌា បានស្នើ​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ប្រ​ប្រាស់​បន្ទាន់​នៅ​ថ្នាំ​ព្យាបាល​កូ​វីដ​១៩ Molnupiravir​របស់​ក្រុមហ៊ុន Merck  និង​វ៉ាក់សាំង​ពីរ​ប្រភេទ​ទៀត គឺ Covovax របស់​វិទ្យាស្ថាន Serum Institute of India និង​វ៉ាក់សាំង  Corbevax របស់​ក្រុមហ៊ុន​ឥណ្ឌា និង Biological E ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​លក្ខខណ្ឌ​បន្ទាន់​ហើយ នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​លោក Mansukh Mandaviya រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា បាន​និយាយថា ថ្នាំ ម៉ូ​ល​នូ​ភី​រ៉ា​វៀ នឹងត្រូវ​ផលិតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ក្រុមហ៊ុន​ចំនួន​១៣ សម្រាប់​ការប្រើប្រាស់​ក្រោម​ស្ថានភាព​បន្ទាន់ ក្នុងការ​ព្យាបាល​មនុស្ស​ពេញវ័យ ដែល​ឆ្លង​ជំងឺ COVID-19​។​

​ពេលនេះ​ឥណ្ឌា​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​ទប់ទល់​នឹង​លទ្ធភាព​នៃ​ការ​ស្ទុះ​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង COVID-19 ដែល​បណ្តាលមកពី​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron)​។ មកទល់​ឥឡូវ ប្រជាជន​ឥណ្ឌា​ជិត​៤២​ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​ទាំង​ជិត ១.៤​ពាន់​លាន​នាក់ បានទទួល​ការចាក​វ៉ាក់សាំង​គ្រប់​ដូ​ស​។​

​ឥណ្ឌា​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​ជា​វិធានការ​បង្ការ​ឱ្យ​បុគ្គលិក​សុខាភិបាល និង​ក្រុម​អ្នកធ្វើការងារ​ជួរមុខ ចាប់ពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ហើយនឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ឱ្យ អ្នក​ដែលមាន​អាយុ​១៥-១៨​ឆ្នាំ ចាប់ពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​ដដែល​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close