ហ្វីលីពីន​ឈប់​ប្រកាស​តួលេខ​ពី​ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​

​រដ្ឋាភិបាល​ហ្វីលីពីន បានសម្រេច​ឈប់​ប្រកាស​ពី​តួលេខ​ឆ្លង​កូ​វីដ​-១៩​ប្រចាំថ្ងៃ ដើម្បី​ឆ្ពោះទៅរក​ការរស់នៅ​ជាមួយ​កូ​វីដ​-១៩ ហើយ​ចាត់ទុក​ជំងឺ​នេះ​គឺជា​ជំងឺ​ធម្មតា ដូចជា​ផ្តាសាយ​។​

​ការសម្រេច​ខាងលើ​កើតឡើង​ក្រោយពេល​ប្រទេស​នេះ​កំពុង​ប្រឈម​ការឆ្លង​កូ​វីដ​-១៩​លើក​ទី​៤ បង្កឡើង​ដោយ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​។ មន្ត្រី​សុខាភិបាល​ហ្វីលីពីន បានប្រកាសថា ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​តំបន់ Metro Manila ក្នុងនោះ​មាន​ទីក្រុង​ម៉ានីល​និង​តំបន់​ជិតខាង មាន​ករណី​ឆ្លង​កូ​វីដ​-១៩​កើនឡើង អាច​បង្កឱ្យមាន​រលក​កូ​វីដ​-១៩​លើក​ទី​៤​នៅក្នុង​ប្រទេស​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ហ្វីលីពីន លោក Maria Rosario Vergeire បានលើកឡើង​នៅ​ថ្ងៃទី ២៨​ខែធ្នូ​ថា កន្លងមក​រាល់​ព័ត៌មាន​ស្តីពី​ករណី​ឆ្លង​កូ​វីដ​-១៩ ករណី​ស្លាប់ ករណី​ចូល​ពេទ្យ​ដោយ​ឈឺ​ធ្ងន់​…​នឹងត្រូវ​ប្រកាស​នៅលើ​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២២ នឹង​មិនមាន​របាយការណ៍​ស្តីពី​ការឆ្លង​កូ​វីដ​-១៩ ផ្សព្វផ្សាយ​ជាប្រចាំ​ថ្ងៃ​ទៀតឡើយ​។​

​ប្រទេស​ហ្វីលីពីន សិង្ហ​បុរី និង​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​អឺរ៉ុប បាន​បង្វែរ​គោលដៅ​រប​ស់​ខ្លួន​សម្រាប់​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយ​ចាត់ទុក​កូ​វីដ​-១៩ គឺជា​ជំងឺ​ធម្មតា ដូចជា​ផ្តាសាយ​… ដោយ​ឈប់​ផ្តោតទៅលើ​តួលេខ​នៃ​ការឆ្លង​ដែល​មិន​នាំមក​នូវ​ផលប្រយោជន៍​អ្វី​ឡើយ​។​

​ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ Teo Yik Ying នាយក​សាលា​ពេទ្យ Saw Swee Hock ស្ថិតនៅក្នុង​សកលវិទ្យា​ល័យ​សិង្ហ​បុរី បាន​បញ្ជាក់ថា « តួលេខ​នៃ​ការឆ្លង​ទាំង​ចេញ​អាកា​រៈ និង​មិន​ចេញ​អាកា​រៈ បាន​បង្ក​ផល​លំបាក​និង​ខាតបង់​ពេលវេលា ជា​កម្ម​ភាព​អត់​ប្រយោជន៍​ឡើយ​នៅពេលនេះ​»​។

ប៉ុន្តែ​សកម្មភាព​ខាងលើ​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកប្រឆាំង ដោយបាន​លើកឡើងថា ការប្រកាស​តួលេខ​គឺអាច​ជួយ​ដល់​ពលរដ្ឋ​តាមដាន​ពី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​ថយចុះ​ឬក៏​កើនឡើង​ប្រចាំថ្ងៃ ដើម្បី​ជួយ​ឱ្យ​ការរស់នៅ​របស់​ពលរ​ដ្ឋ​មាន​ភាពជឿជាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close