រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ
ខេត្តសៀមរាប៖ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឲ្យដំណើរការលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចឡើងវិញ កាលពីពេលថ្មីៗកន្លងមកនេះ គេសង្កេតឃើញវិស័យទេសចរណ៍បានត្រៀមខ្លួនបម្រើសេវាកម្មយ៉ាងល្អប្រសើរ និងមានភាពទាក់ទាញ។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។ កន្លែងទេសចរណ៍នោះ មានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។
លោក ប៉ែន រតនា អ្នកគ្រប់គ្រងសួនផ្កាធិស័ក្ដិ បានឱ្យដឹងថា ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន មានលក្ខណ:អំណោយផលនេះ ម្ចាស់សួនផ្កាលោកឈ្មោះ សៀក គឹមសាត បានបង្កើតតំបន់ទេសចរណ៍នេះឡើង ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក តាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសធ្វើយ៉ាងណាជួយផ្ដល់ការងារឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ។
លោកបានបន្ដថា ទៅកន្លែងនោះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកំសាន្ដ មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលេន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។
ជាមួយគ្នានោះដែរ កន្លែងទេសចរណ៍នេះ មានលក្ខណ:ជាធម្មជាតិសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា ដូចជាចម្លាក់ពើងថ្ម និងបុរាណដ្ឋានដ៏ច្រើនកន្លែង មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ជាពិសេសអ្នកទេសចរអាចស្នាក់កំសាន្ដនៅក្នុងរីសតតង់តាមជើងភ្នំគូលេន ហើយបន្ដទៅទស្សនាទឹកធ្លាក់លើភ្នំគូលេន ជិះកង់ទៅលេងពើងគំនូរ និងប្រាសាទបុរាណជាច្រើនទៀតនៅឧទ្យានជាតិភ្នំគូលេននេះ។ លោកបានបន្ដទៀតថា ទីនោះអ្នកទេសចរគ្រប់វ័យអាចទៅកំសាន្ដនៅទីនោះ បានសប្បាយរីករាយ និងផាសុខភាពផងដែរ។
លោក ប៉ែន រតនា បានឱ្យដឹងដែរថា កន្លែងទេសចរដ៏ស្រស់ស្អាតនេះ បានរៀបចំឡើងជាងមួយឆ្នាំមកហើយ ដោយមានទាំងភោជនីយដ្ឋានផងដែរ ប៉ុន្ដែទើបបើកដំណើរការជាងមួយខែប៉ុណ្ណោះ។ ការរៀបចំតំបន់ទេសចរណ៍ស្រស់ស្អាតនេះ នៅលើផ្ទៃដី ចំនួន៣០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៦០ហិកតា ជាប់នឹងជើងភ្នំគូលេន។
លោកបានបន្ថែមថា កន្លែងទេសចរណ៍នេះ លោកនឹងបន្ដរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការពេញចិត្ដពីអ្នកទេសចរ ដែលទៅកំសាន្ដ ខណ:ដែលតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតនោះ ត្រូវបានចំណាយរាប់លានដុល្លា ដើម្បីធ្វើឱ្យតំបន់នោះក្លាយជាទេសចរទាក់ទាញពិតៗគ្រប់រដូវកាល។លោកបានអំពាវនាវ ដល់អ្នកទេសចរ ទៅទស្សនាទេសភាព ព្រមទាំងសម្រាកកំសាន្ដនៅសួនផ្កាជើងភ្នំគូលេននេះ នាឱកាសពិធីឆ្លងឆ្នាំ២០២១នេះ ដើម្បីជាការគាំទ្រដល់តំបន់ទេសចរណ៍ធម្មជាតិ ដែលបានរៀបចំដោយពលរដ្ឋខ្មែរ។
សូមជម្រាបថា កន្លងមក ក្រសួងទេសចរណ៍ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ មានការឱ្យរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា«តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»ផងដែរ។
ជាមួយគ្នានោះ ក្រសួង ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម សម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដូចជាការរៀបចំ ច្នៃប្រឌិត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មី នៅភ្នំគូលែននេះ ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ខណ:ដែលភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ពួកគេក៏ត្រូវការផលិតផលទេសចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទអង្គរវត្ត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។