ឆ្នាំ​២០២១​នេះ​! ការប្រមូល​ផល​នេសាទ​សមុទ្រ នៅ​ខេត្តកំពត ថយចុះ​ជាង​២០០០​តោន​

​ខេត្តកំពត​៖ មន្ត្រី​ជំនាញ​ជលផល​មាន​ផែនការ​ជាច្រើន​ដើម្បី​រក្សា​អភិរក្ស និង​រក្សា​ការពារ​ធនធានធម្មជាតិ​សមុទ្រ​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ ដោយសារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ផល​នេសាទ​សមុទ្រ​មានការ​ថយចុះ​ជា​លំដាប់​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២១ ការប្រមូល​ផល​នេសាទ​សមុទ្រ​ក្នុង​ខេត្តកំពត​មានការ​ថយចុះ​ជាង​ឆ្នាំមុន​ចំនួន​ជាង ២០០០​តោន​។

​លោក ស សុ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២១ ការ​ប្រ​ល​ផល​នេសាទ​សមុទ្រ​មាន​ចំនួន ១៨,០០០​តោន​ប៉ុណ្ណោះ ខណៈដែល​ឆ្នាំ​២០២០ ការប្រមូល​ផល​នេសាទ​សមុទ្រ​មាន​ចំនួន ២០.៣០០​តោន ពោលគឺ ថយចុះ ២.៣០០​តោន ឬ​ប្រមាណ ១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​។

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា ការថយចុះ​នៃ​បរិមាណ​ផល​នេសាទ​នេះ បណ្តាលមកពី​កត្តា​ពីរ យ៉ាង​គឺ ទី​១. កត្តា​ធម្មជាតិ មានការ​បម្រែបម្រួល​អាកាសធាតុ មាន​ខ្យល់ ព្យុះភ្លៀង​ខ្លាំង​ញឹកញាប់​ជាដើម និង​ទី​២.​កត្តា​មនុស្ស ការបាត់បង់​ទីជម្រក​ក្នុង​ដែន​នេសាទ ដោយ​ការអភិវឌ្ឍ​នៅ​តំបន់ឆ្នេរ ការ​លួច​ប្រើ​ឧបករណ៍​ខុសច្បាប់ និង​កង្វះ​ការយល់ដឹង​ទៅលើ​ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​សមុទ្រ​។

​លោក ស សុ​រិ​ន បាន​បញ្ជាក់ថា មន្ត្រីជលផល​នៅតែ​បន្តសកម្មភាព​ល្បាត​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​ការពារ​ទប់ស្កាត់ បទល្មើស​នេសាទ​។ ជាងនេះទៅទៀត ខណ្ឌ​រដ្ឋបាល​ជលផល នឹង​រៀបចំ​នៅ​គ្រប់​សហគមន៍​នេសាទ​ទាំង​៩​កន្លែង​ក្នុង​ខេត្ត ឱ្យក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ក្នុង​ការជួយ​ទ្រទ្រង់​ជីវភាព​ក្រៅពី​ការ​ចេញទៅ​នេសាទ ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ប្រជា​នេសាទ​ផងដែរ​។

​សូមបញ្ជាក់ថា ខេត្តកំពត​មាន​ទូក និង​កាណូត​នេសាទ​កំពុង​ប្រតិបត្តិការ​នៅតាម​តំបន់ឆ្នេរ​សរុប​ចំនួន ១.០៥៣​គ្រឿង ក្នុងនោះ​ទូក​ម៉ាស៊ីន​បាត​មាន​ចំនួន ៤៥២​គ្រឿង ទូក​មា​ស៊ីន​ខាងក្រៅ​មាន​ចំនួន ៦០១​គ្រឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close