វៀតណាម រកឃើញករណី អូមីក្រុង លើកដំបូងហើយ!
ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី២៨ ធ្នូ ២០២១ បានប្រកាសពីការរកឃើញករណីវីរុសកូវីដ បំប្លែងថ្មី អូមីក្រុង លើកដំបូងក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress។
ក្រសួងថា ករណីដំបូងនេះគឺជាអ្នកដំណើរពីអង់គ្លេស ដោយបានជិះយន្តហោះចុះចតនៅក្រុងហាណូយ ហើយពេលនេះ កំពុងទទួលការព្យាបាល នៅពេទ្យយោធា ១០៨។
ក្រសួងថា អ្នកជំងឺរូបនេះ ដំបូងឡើយត្រូវបានតេស្តថាមានវិជ្ជមានកូវីដ ពេលទៅដល់វៀតណាម កាលពីថ្ងៃទី១៩ ធ្នូ ក្រោយមក ក៏បន្តតេស្តរកឃើញថា មានផ្ទុក អូមីក្រុង (B.1.1.529) នាប៉ុន្មានថ្ងៃ បន្តបន្ទាប់ទៀត។
អូមីក្រុង ដែលគេដឹងថា រកឃើញដំបូង កាលពីចុងខែវិច្ឆិកានោះ បានបង្កឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កម្រិតពិភពលោក។ មានប្រមាណជា ៨០ប្រទេសឬតំបន់ហើយ ដែលមានឆ្លងពពួកអូមីក្រុងនេះ រួមមានទាំង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី និងកូរ៉េខាត្បូងដែរ នេះបើតាមទីភ្នាក់ងារព័ត៌មានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។