សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៩នាក់ និងថ្នាំញៀនជិត ៣៥០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន បានសហការស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យ ៩នាក់ និងរឹបអូសគ្រឿងញៀនជិត ៣៥០គីឡូក្រាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ច្រើននេះ ដោយមានកិច្ចប្រតិបត្តិការនៅ២គោលដៅផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិង នៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៩នាក់ ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង) ឈ្មោះ LI YI NAN ភេទប្រុស, ឈ្មោះ SUN LIANG ភេទប្រុស, ឈ្មោះ SUN HAI TAO ភេទប្រុស, ឈ្មោះ LIU WEI CHENG ភេទប្រុស, ឈ្មោះ CHEN ZHI QUAN ភេទប្រុស, ឈ្មោះ WANG LEI ភេទប្រុស, ឈ្មោះ WANG YUE ភេទប្រុស និងឈ្មោះ ZHU XIAO FEI ភេទប្រុស។
ចំពោះវត្ថុតាងចាប់យកមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។ ក្រៅពីនេះ ក៏បានចាប់យកទ្រព្យសម្បត្តិ រថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973, ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946, ទូរស័ព្ទដៃចំនួន ១០គ្រឿង និងប្រាក់ ៣០០ដុល្លារ ផងដែរ។
ក្នុងករណីគ្រឿងញៀននេះ ក្រុមឧក្រិដ្ឋជនបានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បម្រុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ការបង្ក្រាបនេះ ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន ហើយសមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។