ក្រសួងការពារជាតិ ប្រារព្ធ​ពិធី​ឱ្យ​អធិកអធម​នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២៣​ឆ្នាំ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​

​ភ្នំពេញ​៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា ប្រារព្ធ​ពិធី​ឱ្យ​អធិកអធម​នៅក្នុង​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ​នេះ ដើម្បី​អបអរសាទរ​ខួប​២៣​ឆ្នាំ (២៩​ធ្នូ ១៩៩៨-២៩​ធ្នូ ២០២១) នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ខួប​លើក​ទី​៣ នៃ​ការដាក់ឱ្យ​ដំណើរការ​ជា​សាធារណៈ​វិមាន​ឈ្នះ​-​ឈ្នះ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​។​

​ការ​ប្រារព្ធ​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ ដែល​ស្ថិតនៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ខណៈ​ពិធី​នេះ​មានការ​រៀបចំ​ស្តង់​តាំង​ពិ​ព័រ​ណ៌​របស់​សមិទ្ធផល​នានា នៅតាម​បណ្តា​អង្គភាព​នានា​ចំណុះឱ្យ​ក្រសួងការពារជាតិ ព្រមទាំង​មានការ​បាញ់​កាំជ្រួច ដើម្បី​បង្ហាញ​ពី​ការអបអរសាទរ​នៃ​ទិវា​ដ៏​សំខាន់​សម្រាប់​មាតុភូមិ​កម្ពុជា​។​

​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​នឹង​នាំមក​នូវ​ការធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចិ​រី​ភាព​។​

​ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​ទស្សនៈវិជ្ជា​ស​និ្ត​ភាព និង​មានការ​ប្តេជ្ញាចិត្ត​ខាង​នយោបាយ​ដ៏​មុតមាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបញ្ចប់​សង្គ្រាម មិនមែនជា​អព្ភូតហេតុ ឬ​ជាការ​ស្រមៃ​ដោយ​ចៃដន្យ​នោះទេ ដូចនេះ​ទើប​នៅក្នុង​ដំណើរការ​អនុវត្ត​ការបញ្ចប់​សង្គ្រាម ទាមទារ​នូវ​ការដឹកនាំ​ដែល​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​រួមជាមួយ​គ្នា ព្រោះ​ព្រឹ​តិ្ត​ការណ៍​មានការ​ប្រែប្រួល​យ៉ាងគំហុក​បំផុត​។​

​គេ​អាច​និយាយបានថា នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​កម្ពុជា​មានន័យ​យ៉ាង​ទូលំទូលាយ ពោលគឺ​គ្របដណ្តប់​លើ​គ្រប់​វិស័យ​នៃ​សង្គមជាតិ​ទាំងមូល​។ ដូច្នេះ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​នឹង​នាំមក​នូវ​ការធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចិ​រ​ភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close