ប៉ូលិសក្រុងហូជីមិញ ចាប់ខ្លួនម្តាយចុង ក្នុងករណីអំពើហិង្សាលើកុមារ បណ្តាលអោយស្លាប់កុមារីម្នាក់ជាកូនចុង
ក្រុងហូជីមិញ ៖ នាយកដ្ឋានប៉ូលីសស៊ើបអង្កេតនៃសង្កាត់ប៊ិញថាញ់ ទីក្រុងហូជីមិញ ទើបតែសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើជនជាប់ចោទឈ្មោះ Vo Nguyen Quynh Trang អាយុ ២៦ឆ្នាំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ពីបទប្រើប្រាស់អំពើហិង្សាលើកុមារបណ្តាលអោយបាត់បង់ជីវិត ។
Trang គឺជា”អនាគតម្តាយចុង” របស់កុមារីរងគ្រោះមានឈ្មោះ N.T.Van An អាយុ៨ឆ្នាំ ក៏ជាអ្នកធ្វើទារុណកម្ម លើ វ៉ាន់អាន រហូតដល់ស្លាប់។ «រឿងកំពុងល្បីនៅវៀតណាម ឪពុកម្តាយលែងលះគ្នា កូនស្រីតូចម្នាក់ ត្រូវអនាគតម្តាយចុង វាយធ្វើបាបរហូតដល់ស្លា.ប់»
ក្រោយស៊ើបអង្កេត ពិតជាមិននឹងស្មានថា ជាស្នាដៃរបស់ “ម្តាយចុង” វាយកុមារី វ៉ាន់អាន ដោយប្រើរំពាត់ ដំបងឈើ ដោយប្រើកណ្តាប់ដៃ និងទាត់ ។ ការឈឺចាប់ខាងផ្លូវកាយ ដោយការធ្វើទារុណកម្ម ជារឿងមួយ ឯសេចក្តីតក់ស្លុតជាង០១ឆ្នាំ គឺរងកម្មផ្លូវចិត្ត តើកុមារី វ៉ាន់អាន រងទុក្ខញឹកញាប់ប៉ុណ្ណា ? តើនាងអាចរស់ដោយមានសេចក្តីសុខបានទេ ?
លទ្ធផលធ្វើកោសល្យវិច័យ បានបញ្ជាក់ថា កុមារី វ៉ាន់អាន ស្លាប់ដោយសារ រងការរលាកសួតធ្ងន់ធ្ងរ ដោយលើដងខ្លួន មានស្នាមជាំសរសៃច្រើនកន្លែង ឆ្អឹងជំនីបាក់ របួសត្រង់ក្បាល មានហូរឈាម និងរលាកខួរក្បាល ។
សាក្សីដែលជាអ្នកជិតខាង បានបង្ហាញថា ស្ត្រីអាយុ២៦ឆ្នាំ ត្រូវជាគូដណ្តឹងរបស់ឪពុក របស់កុមារី វ៉ាន់អាន បានប្រើអំពើហិង្សាជាច្រើនលើកច្រើនសារមុនពេលមានករណីស្លាប់នេះទៀត ពោលគឺចាប់តាំងពីអ្នកទាំង៣នាក់ បានមករស់នៅជាមួយគ្នា នៅអគារអាផាតមិនជួល ក្នុងសង្កាត់ប៊ិញថាញ់ ក្រុងហូជីមិញ តាំងពីពាក់កណ្តាលឆ្នាំ២០២០ មកម្ល៉េះ ។
អ្នកជិតខាងបានបង្ហាញសក្ខីកម្មថា នៅរសៀលថ្ងៃទី២២ ខែធ្នូ ខណៈឪពុកគឺលោក N.K.T.Th. អាយុ៣៦ឆ្នាំ ជានាយកទីផ្សារនៅក្រុមហ៊ុនមួយ ចេញទៅធ្វើការបាត់ ម្តាយចុង Trang នាងមានអារម្មណ៍តានតឹង ខណៈកំពុងបង្រៀនកូនស្រីដើម វ៉ាន់អាន នៅផ្ទះ ។ បន្ទាប់មកនាង បានស្តីបន្ទោសស្រែកខ្លាំងៗ និងវាយក្មេងនោះ ដោយប្រើដំបងឈើធំ ។
នៅវេលាម៉ោង៦ល្ងាច ថ្ងៃដដែល កុមារីអាយុ៨ឆ្នាំ បានក្អួតចង្អោរ ហើយនាង Trang បានទូរសព្ទហៅប្តីមកផ្ទះវិញ និងធ្វើការសង្គ្រោះបឋមលើកុមារី វ៉ាន់អាន ។ បន្ទាប់មក វ៉ាន់អាន ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ជុំវិញរឿងរ៉ាវនេះ អ្នកលេងបណ្តាញសង្គមនៅវៀតណាម បានបញ្ចេញមតិថា មិនចាំបាច់និយាយបន្ថែមអំពីអំពើដ៏ឃោរឃៅរបស់ “ម្តាយចុង” ឈ្មោះ Vo Nguyen Quynh Trang នោះទេ ច្បាប់នឹងចាត់ការមនុស្សអាក្រក់រូបនេះហើយ ប៉ុន្តែកុមារី វ៉ាន់អាន នាងមិនមែនរស់នៅលើកោះ ដាច់ដោយឡែកជាមួយម្តាយចុងទេ គឺរស់នៅក្នុងសហគមន៍អភិជន ដែលមានមនុស្សម្នា និងអង្គការការពារកុមារជាច្រើន នៅជុំវិញ ។
វ៉ាន់អាន រស់នៅជាមួយឪពុកបង្កើតរបស់គាត់គឺលោក N.K.T.Th ជាមួយលោកស្រី Trang នៅក្នុងបន្ទប់ អាផាតមិន មួយ ។ កូនស្រី ត្រូវគេធ្វើទារុណកម្មច្រើនដង សូម្បីតែបាក់ឆ្អឹងជំនីរ និងត្រូវរបួសលើខ្លួនប្រាណ តើលោកឪពុកមានដឹងទេ ? អ្នកសមគំនិត គួរតែពិចារណា គឺឪពុកបង្កើតរូបនេះហើយ ។
ចំណែកម្ដាយបង្កើតរបស់ វ៉ាន់អាន វិញ ប្រហែលជាមិនបានទាក់ទងមកកូនស្រីទេ ? បើដូច្នេះមែន វ៉ាន់អាន ច្បាស់ជានឹងប្រាប់ម្តាយរបស់នាងថា រូបនាងត្រូវម្តាយចុងវាយដំ និងធ្វើទារុណកម្មជារៀងរាល់ថ្ងៃ ។ មិនគួរវិនិច្ឆ័យលើអ្នកណាម្នាក់ទេ ប៉ុន្តែក្នុងករណីនេះ ទោះបីជានាងមិននៅជាមួយកូនស្រីក៏ដោយ ប្រសិនបើម្តាយបង្កើត ពិតជាយកចិត្តទុកដាក់ ចំពោះកូនស្រីមែននោះ វានឹងមិនកើតមានសោកនាដកម្មបែបនេះទេ។
ហើយអ្នកជិតខាងល្អ នៅឯណា ? នៅអគារអាផាមិន ក្នុងតំបន់ Saigon Pearl ដែលជាទីក្រុងពាណិជ្ជកម្មមួយ ជាទីប្រជុំជន ពោរពេញដោយអភិជន រស់នៅទីនោះ បានន័យថា គ្មាននរណាម្នាក់បានឮ សម្រែករបស់កុមារី វ៉ាន់អាន កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ជាថ្ងៃ ដែលត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់ ប៉ុន្តែមុននោះនាងតូចស្លាប់ នាងស្រែកយំជាច្រើនដង ដោយសារតែការឈឺចាប់រាងកាយ នៅតែគ្មាននរណាម្នាក់ធ្វើអន្តរាគមន៍ជួយនាងទេ ភាពស្ងៀមស្ងាត់របស់អ្នកជិតខាង បានធ្វើឲ្យមានបទឧក្រិដ្ឋមួយនេះ ។
វៀតណាមមានច្បាប់ប្រទេស មានអង្គការការពារកុមារជាច្រើន ប៉ុន្តែមានកុមារជាច្រើន មិនបានការពារ ជាក់ស្តែងដូចករណីកុមារី N.T.Van An ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។