៣ថ្ងៃ! ឈប់សម្រាកឆ្លងឆ្នាំថ្មី និងចុងសប្តាហ៍ ភ្ញៀវទេសចរជាង ២លាននាក់ ដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៨៦៩នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ៦០៨ ៨៥៥នាក់
* ខេត្តសៀមរាប ២៨៧ ៨៣៧នាក់
* ខេត្តព្រះសីហនុ ១៥៦ ៧៥៣នាក់
* ខេត្តកំពត ១៥០ ៦០១នាក់
* ខេត្តបាត់ដំបង ១២២ ០៣៧នាក់
* ខេត្តកែប ១១៤ ២២២នាក់
* ខេត្តកំពង់ស្ពឺ ១០២ ៣៨១នាក់
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ មានចំនួនច្រើនលើសពីការរំពឹងទុក ដោយមានការកើនឡើងប្រមាណ ៧៤.២៤% ធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋានជាលក្ខណៈក្រុមគ្រួសារ និងមិត្តភ័ក្ត ដើម្បីជួបជុំញាំអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងដែលមានការរៀបចំកែច្នៃជាក្ចុស និងកន្លែងអង្គុយជាដើម។
ឯកឧត្តម ថោង ខុន បានបន្ថែមថា គោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស បានទទួលចរន្តភ្ញៀវទេសចរច្រើនកុះកុរ ដោយសាររាជរដ្ឋាភិបាល បានបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកមួយចំនួន បានរៀបចំជាព្រឹត្តិការណ៍អបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្ត្រី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ និងបាញ់កាំជ្រួចជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជានៅខេត្តសៀមរាប បានរៀបចំកម្មវិធីបុណ្យភូមិសៀមរាប និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងបងប្អូនដែលរកទទួលទាន ក្នុងវិស័យទេសចរណ៍ ក៏សំដែងនូវក្តីរីករាយ និងសុទិដ្ឋិនិយម ចំពោះចរន្តភ្ញៀវនាឱកាសឆ្លងឆ្នាំសាកលនេះ ពិសេសសម្រាប់ការចាប់ផ្តើមឆ្នាំ២០២២នេះ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើន បានដំណើរការឡើងវិញ រាប់តាំងពីសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការីទេសចរណ៍ជាដើម ស្របពេលដែលបុគ្គលិកបម្រើការសុទ្ធតែទទួលបានការចាក់វ៉ាក់សាំង ពេញលេញតាមការកំណត់។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានវាយតម្លៃជាបឋមថា ចរន្តភ្ញៀវនាឱកាសឆ្លងឆ្នាំសាកលនេះ គឺសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមឡើងវិញ ពេញលេញនៃវិស័យទេសចរណ៍ ពិសេសទេសចរណ៍ផ្ទៃក្នុង ដើម្បីឈានទៅទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របពេលដែលចំណូលពីលំហូរភ្ញៀវទេសចរនេះ បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ដោយឈរលើមូលដ្ឋាននៃការបន្តប្រុងប្រ័យត្ន និងសម្របខ្លួនកាន់តែពេញលេញ ក្នុងគន្លងប្រក្រតីភាពថ្មីនៃបរិបទជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។