សម្តេច ហ៊ុន សែន ព្រមានក្រុមហ៊ុនលីឈួង រឿងឃុបឃិតជាមួយ​អភិបាលខេត្ត​មួយចំនួនសង់សំណង់​ដោយ​គ្មានការយល់ព្រមពីរាជរដ្ឋាភិបាល

ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់ និង​លើក​កម្រិតគុណភាព​ផ្លូវជាតិលេខ​៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើ​ការព្រមានធ្ងន់ៗចំពោះ​ក្រុមហ៊ុនសំណង់​ លីឈួង ដែលបានឃុបឃិតជាមួយ​អភិបាលខេត្ត​មួយ​ចំនួនធ្វើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅ​តាម​បណ្តា​ខេត្ត​ ដោយ​ពុំ​មាន​ការ​យល់ព្រមពី​រាជរដ្ឋាភិបាល។

សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុនសំណង់ដែលមានប្រវត្តិសង់អគារសន្តិភាព និង​អគាររដ្ឋសភាជាតិ មួយ​នេះ បានដាក់សំណើរ​មក​កាន់សម្តេច ប៉ុន្តែ​សម្តេច​មិន​បាន​យល់ព្រម​នោះទេ ប៉ុន្តែ​នៅពេល​សម្តេច​មើល​របាយការណ៍​ចុងឆ្នាំ ទើបបានដឹងថា ក្រុមហ៊ុន​មួយ​នេះបានប្តូរយុទ្ធសាស្រ្ត​ដោយ​ទៅ​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​មួយចំនួន​ធ្វើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត ដោយ​ក្រុមហ៊ុន​នេះស្ថាបនាមុន រួចទើបយកលុយជា​ក្រោយ។

ចំពោះករណីនេះ សម្តេចបាន​ដាក់បញ្ជា​ទៅ​ដល់គ្រប់ខេត្តទាំងអស់​ដែលមិន​ទាន់បានសាងសង់ត្រូវ​បញ្ឈប់​ភ្លាម ហើយ​បើខេត្ត​ណា​ដែលបាន​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួចហើយ​ដោយ​ក្រុមហ៊ុន​លីឈួង នោះ​ត្រូវ​បង់​លុយ​ឲ្យ​ទៅ​ក្រុមហ៊ុនរយៈ​ពេល​ ២០ឆ្នាំដោយរាជរដ្ឋាភិបាល នឹងមិនចំណាយថវិកាសងជំនួសខេត្តនោះទេ។

«វាជាការព្រមានដល់ក្រុមហ៊ុន លី ឈួង និងក្រុមហ៊ុនដទៃ កុំឲ្យ​ធ្វើសកម្មភាពអនុវត្តគម្រោងសាងសង់មុន ហើយសងប្រាក់តាមក្រោយ… ការអនុវត្តគម្រោងហើយ ទូទាត់ប្រាក់តាមក្រោយនេះ វានឹងបង្កើតជាបំណុល ហើយនឹងអំពើពុករលួយ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close